ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានសំណូមពរឱ្យសមាគមជប៉ុន ជួយជំរុញផលិតផលសិប្បកម្មបុរាណខ្មែរ មានដូចជាផលិតផលសូត្រខ្មែរ និងផលិតផលសិល្បៈផ្សេងៗទៀតរបស់ខ្មែរ នៅលើទីផ្សារជប៉ុន។
លោកស្រី ភឿង សកុណា បានស្នើរដូចនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ និងលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា(Japan-Cambodia Association) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងជំនួបនោះផងដែរ លោក តាកាហាស៊ី ហ្វូមីអាគី បានលើកឡើងពីគម្រោងរៀបចំព្រឹត្តិការណ៍សម្រាប់អបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅខែវិច្ឆិកា ឆ្នាំ២០២៣ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនាពេលអនាគ៕