Breaking News

បុរសម្នាក់ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង!

ភ្នំពេញ៖កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីបុរសម្នាក់បានប្រើល្បិចឆបោកយកប្រាក់ពី ជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០២៣ ​ខ្លួន និងកូនស្រី បានជួបនឹងជនសង្ស័យ នៅមុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថាគេជាអ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យនោះឲ្យជួយដោះស្រាយរឿង កូនប្រុសខ្លួនម្នាក់ ដែលត្រូវសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។​ បន្ទាប់មកខ្លួនបានប្រគល់លុយឲ្យទៅជនសង្ស័យចំនួន ៦សែនរៀល សិន និងក្រោយមកក៏ធ្វើការផ្ញើលុយចំនួន ១លាន ៤សែន រៀល និងផ្ញើជាបន្តបន្ទាប់ទៀត តាមរយៈលេខរបស់ជនសង្ស័យ ដោយជនសង្ស័យសន្យាថានឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឲ្យកូនខ្លួនរួចទោសចេញមកវិញ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ពេលនោះទើបខ្លួនដឹងថាបានចាញ់បោកជនសង្ស័យ។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៣ ខ្លួនរួមជាមួយសាច់ញាតិ ក៏បានប្តឹងទៅកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយជនសង្ស័យតាមរយៈបណ្តាញសង្គម តេឡេក្រាម ដោយឲ្យមកជួបគ្នានៅណុចស្ថានីយ៍ប្រេងឥន្ធនៈ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ហើយជនសង្ស័យក៏បានមកតាមការណាត់ជួប ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ឈ្មោះ អ៊ិន វុទ្ធី អាយុ៥៣ឆ្នាំ យកមកអនុវត្តតាមនីតិវិធីតែម្តង។

ជនសង្ស័យ អ៊ិន វុទ្ធី បានឆ្លើយសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRN

Check Also

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយចំនួន២ម៉ឺនរៀល

Leave a Reply

Your email address will not be published. Required fields are marked *