Breaking News

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត

ទីក្រុង​ញូវយ៉ក​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza”។

សូមជម្រាបជូនថា​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ ព្រមទាំង​គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ​ (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ត្រូវ​នឹងម៉ោង​ ៦​ និង១០នាទីព្រឹក​ថ្ងៃ​ទី២២​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅរាជធានីភ្នំពេញ​)។

គួរបញ្ជាក់ថា​ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា​ បានទទួលដំណឹងអំពី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នោះ ពួកគាត់បានប្រកាសស្វាគមន៍ និងសម្តែងការគាំទ្រជាខ្លាំង។ ពួកគាត់ទាំងនោះមានការពេញចិត្តចំពោះសម្តេចធិបតី ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧នេះ៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *