Breaking News

លោក ហ៊ុន ម៉ានី ណែនាំយុវជនជំនាន់ក្រោយ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ហើយក្ដាប់ឲ្យបាននូវស្ថានភាពប្រវត្តិសាស្រ្ត រៀនសូត្រពីគោលនយោបាយ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញាម្សិលមិញ បានអញ្ជើញក្នុងពិធីជួបជុំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្ដាវិស័យ និងរចនាសម្ព័ន្ធចំណុះស.ស.យ. ក. រាជធានីភ្នំពេញ នៅសាលពហុបំណង អាគារខេមរានី ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា តាមបណ្ដាវិស័យទាំង ៣៣ និងសមាជិកចំណុះក្រោម ស.ស.យ.ក. រាជធានីភ្នំពេញ សរុបប្រមាណ៤០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា កន្លងមកសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសំខាន់ លើកិច្ចការសង្គម ការអប់រំ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី ក៏ដូចជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី។

លោកបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ហើយក្ដាប់អោយបាននូវស្ថានភាពប្រវត្តិសាស្រ្ត រៀនសូត្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងហ្វឹកហាត់សមត្ថ ភាពខ្លួនជាប្រចាំ ដើម្បីគាំទ្រដល់ចក្ខុវិស័យ និងសកម្មភាពរបស់ថ្នាក់ដឹកនាំនាពេលអនាគត។

នាឱកាសនោះ លោកបានមានប្រសាសន៍ផ្ដាំផ្ញើ ឱ្យរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ ស.ស.យ.ក. រួមទាំងសមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់ និងសិក្សាពីវិធីសាស្ត្រ ក៏ដូចជាគំរូដឹកនាំរបស់ថ្នាក់ ដឹកនាំរបស់ ស.ស.យ.ក. ជំនាន់មុន ដើម្បីអាចក្ដាប់បានស្ថានការណ៍ដឹកនាំ ហ្វឹកហាត់សមត្ថភាព និងចូលរួមចំណែកឱ្យបានគ្រប់ជ្រុងជ្រោយ គាំទ្រទាំងផ្នែកស្មារតី និងសកម្មភាព ក្នុងការអនុវត្ត ជាមួយរាជរដ្ឋាភិបាល ដើម្បីបំពេញបេសកនកម្មបម្រើជាតិ និងប្រជាជន។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ រំលេចអំពីការប្រារព្ធខួប៤៥ ឆ្នាំនៃកំណើត ស.ស.យ.ក. ដែលនឹងឈានមកដល់នាពេលខាងមុខ ព្រមទាំងអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយ និងចែករំលែកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញថា ស.ស.យ.ក. មិនត្រឹមតែជាអង្គការចាត់តាំង និងបម្រើផលប្រយោជន៍ជូនសង្គមជាតិនោះទេ ប៉ុន្តែស.ស.យ.ក. នៅគ្រប់កាលៈទេសៈ និងគ្រប់បរិបទក្រោយការរំដោះកម្ពុជា ហើយគឺជាសាក្សីរស់នៃការវិវត្តសង្គមជាតិ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល របស់ព្រះរាជាណាចក្រកម្ពុជាទី២៕

Check Also

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាលន

Leave a Reply

Your email address will not be published. Required fields are marked *