Breaking News

ពន្ធលើប្រាក់ចំណេញ អនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២៤ ហើយប្រាក់ចំណេញផ្ទះ-ដីធ្លី អនុវត្តនៅដំណាច់ឆ្នាំ២០២៤​

ភ្នំពេញ៖ អគ្គយកដ្ឋាន​ពន្ធដារ បានប្រកាសថា ​​ពន្ធលើចំណេញមូលធន ឬពន្ធលើប្រាក់ចំណេញ នឹងត្រូវ​អនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២៤ ​សម្រាប់ទ្រព្យ​ជាមូលធន ៥ផ្នែក រួមមាន៖ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស​។ ចំណែក​ប្រាក់ចំណេញផ្នែកអចលនទ្រព្យ ផ្ទះ-ដីធ្លី នឹងត្រូវអនុវត្តនៅដំណាច់ឆ្នាំ២០២៤។​

នេះបើយោងតាមក្នុងសេចក្តីបំភ្លឺ ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ ក្នុងសេចក្ដីបំភ្លឺថា ការលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។

ចំពោះការយកពន្ធ​លើចំណេញមូលធន ត្រូវបានអគ្គនាយកដ្ឋាន​ពន្ធដារ បញ្ជាក់ថា ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធ​ ដែលទើប​តែបង្កើតថ្មីនោះទេ​។ សម្រាប់នីតិបុគ្គល ពន្ធនេះ ត្រូវបានដាក់​ឱ្យអនុវត្ត​ចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះ។ ជាក់ស្តែង​ ក្រុមហ៊ុន និងសហគ្រាសនានា បានបង់ពន្ធ​លើប្រាក់ចំណូល ដែលរួមបញ្ចូលទាំង​ចំណេញមូលធន មិនតែប៉ុណ្ណោះ សហគ្រាស ដែលប្រកបអាជីវកម្ម លើវិស័យអចលនទ្រព្យ ក៏បានបង់ពន្ធនេះដែរ។

អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បានបន្ថែមដែរថា​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំលិខិតបទដ្ឋាន​គតិយុត្តិ បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលរួចរាល់ តាំងពីឆ្នាំ២០២០ ដោយផ្នែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុង​កម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសាកលលោក។ ប៉ុន្តែជាការគិតគូរចំពោះផលប៉ះពាល់នានា បណ្តាលពី​ការរីករាលដាល​ជំងឺកូវីដ រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ ចំនួន ៣លើករួចមកហើយ ដោយចុងក្រោយ កំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យ​ជាមូលធន ៥ផ្នែក រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស​។

ដោយឡែក ពន្ធលើចំណេញមូលធន​សម្រាប់ផ្នែកអចលនទ្រព្យ ដែលមហាជនលើកឡើងថា រដ្ឋនឹងគិតពន្ធ ២០% លើប្រាក់ចំណេញលក់ដី និងផ្ទះនោះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច​ពន្យារការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែក​ដ៏សំខាន់មួយ ចូលរួមគាំទ្រ​បន្ថែមដល់​វិស័យ​អចលនទ្រព្យ៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *