ភ្នំពេញ៖អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្ម ភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីន (អាជ្ញាធរមីន) សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណា ចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្សោយពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ ជាមួយ នឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឱ្យរាជធានីខេត្តមួយចំនួនរងឥទ្ធិពល ទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។
ក្នុងពេល និងក្រោយពេលទឹកជំនន់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនអាចត្រូវបាន ប្រទះឃើញដោយសារការហូរ ច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាវពលរដ្ឋជាយថាហេតុ ជាពិសេសប្រជា ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ក្នុងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខសុវត្ថិ ភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរមីនសូមធ្វើការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនខេត្តរាជធានី ព្រមទាំងអំពាវនាវដល់ គណៈកម្ម ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសហការអនុវត្តនូវវិធានការដូចខាងក្រោម៖
១. ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
២. ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
៣. រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំស្តីពីគ្រោះថ្នាក់ដែលអាចបង្ក ឡើងដោយ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលទឹក ជំនន់សម្រាប់ផ្តល់ជូន ភ្នាក់ងារអប់រំកាត់ បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បណ្ដាញមីន ស្ម័គ្រចិត្ត សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន
៤. ឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលប្រជា ពលរដ្ឋបានរាយការណ៍។
៥. ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពល រដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់៕SRN