Breaking News

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រជា អនុប្រធានទី១ រដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា បន្ទាប់ពីតំណែងនេះនៅចន្លោះក្រោយមរណភាពរបស់លោកបណ្ឌិត ងួន ញ៉ិល។

កិច្ចប្រជុំពេញអង្គរដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសមាជិករដ្ឋសភាដែលជាតំណាងរាស្រ្តចំនួន១០៦រូប ក្នុងនោះមានរបៀបវារៈសរុប៧។

ឯកឧត្តម ជាម យៀប កើតនៅឆ្នាំ១៩៤៦ នៅភូមិព្រែកចាម ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ខេត្តព្រៃវែង ដែលជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកប្រវត្តិ-ភូមិវិទ្យានៅភ្នំពេញឆ្នាំ១៩៧៤។ ក្រៅពីនោះ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្ម នៃសកលវិទ្យាល័យ «NCGU» នៃសហរដ្ឋអាមេរិក USA នៅឆ្នាំ២០០០, បញ្ចប់ថ្នាក់បណ្ឌិត Doctor Degree of Philosophy in Businesslaw Ph.D. ឆ្នាំ២០០៤, ជាប់ជាបណ្ឌិតរដ្ឋ ឆ្នាំ២០០៩ និងទទួលសញ្ញាបត្រថ្នាក់បណ្ឌិតមហាបរិញ្ញា ផ្នែកទស្សនៈវិជ្ជា វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ២០១០។

ឯកឧត្តម ជាម យៀប ធ្លាប់ក្លាយជាទាសករដាច់ថ្លៃនៃរបបខ្មែរក្រហមប៉ុលពត ដល់ឆ្នាំ១៩៧៧។ លោកធ្លាប់ជាសាស្ត្រាចារ្យនៅអនុវិទ្យាល័យកំពង់ត្របែក និងពាមរក៍ (ឆ្នាំ១៩៦៦-១៩៧០) ជានាយទាហានជាន់ខ្ពស់ក្នុងរបបលន់ នល់ (ឆ្នាំ១៩៧០-១៩៧៥) ជាអភិបាលខេត្តព្រៃវែង (ឆ្នាំ១៩៨០-១៩៨៧ )ជាអនុរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី (ឆ្នាំ១៩៨៧-១៩៨៨) ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍បុព្វសិទ្ធឋានៈស្មើរដ្ឋមន្ត្រី (ឆ្នាំ១៩៨៨-១៩៩៣) លោកជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៣) និងបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា (ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន)៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *