Breaking News

អាជ្ញាធរស្រុកឯកភ្នំ ដឹកនាំកម្លាំងចម្រុះចុះដណ្តើមស្រូវពីទឹកជំនន់ ជូនប្រជាពលរដ្ឋ ខណៈទឹកទន្លេសាបកំពុងជន់ឡើងខ្លាំង

បាត់ដំបង៖ ការលំបាកជូនប្រជាពលរដ្ឋក្រីក្រនិងខ្វះខាតកម្លាំងពលកម្ម ហើយដំណាំស្រូវរបស់គាត់កំពុងលិចទឹកនោះ អាជ្ញាធរស្រុកឯកភ្នំ ក្រោមការដឹកនាំដោយ លោក ម៉ិល សុផល អភិបាលស្រុក និងមានកិច្ចសហការពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងស្រុក និងខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាលស្រុក បានចុះជួយច្រូតស្រូវ ដើម្បីដណ្តើមស្រូវពីការលិចទឹកជូនប្រជាកសិករ នៅចំណុចបឹងធំ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោក ម៉ិល សុផល អោយដឹងថា ក្នុងរយៈពេល២ថ្ងៃនេះ ការចុះដណ្តើមស្រូវពីជំនន់ទឹកភ្លៀងជូនប្រជាកសិករនាពេលនេះ ត្រូវប្រើកម្លាំងជួយច្រូតកាត់ ចំនួន ១០០ នាក់ ក្នុងនោះមានកម្លាំងថ្នាក់ខេត្តចំនួន៧០នាក់ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចំនួន២០នាក់ ផ្នែកសឹងរងស្រុកចំនួន៧នាក់ និងការិយាល័យកសិកម្មស្រុកចំនួន៣នាក់ បានចុះប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ

ចំនួន៣គ្រួសារ ដែលកំពុងជួបនឹងការលំបាកខ្វះខាតកម្លាំងពលកម្ម ខ្វះថវិកា ហើយជាពិសេសនោះ គឺលិចដោយទឹកភ្លៀងមិនទាន់ស្រកអស់ ព្រមទាំងទឹកទន្លេសាបជន់លិចមកផង ជាលទ្ធផលផ្ទៃដីត្រូវច្រូតសរុបទាំងអស់ចំនួន៥ហ.ត ។

លោក ម៉ិល សុផល បានបញ្ជាក់ផងដែរថា តាមពិតទៅដំណាំស្រូវនៅតំបន់នេះគេច្រូតអស់ហើយ តែដោយសារតែពួកគាត់ចំនួន៣គ្រួសារនេះ បានធ្វើការដាំដុះស្រូវចុងក្រោយគេ ដល់ពេលស្រូវទុំអាចច្រូតបាន ត្រូវទឹកទន្លេសាបឡើងមក ចាល់ពីឃុំព្រៃចាស់ ហើយមានភ្លៀងធ្លាក់រាល់ថ្ងៃទៀត បើទោះបីជាជំនន់ទឹកស្ទឹងសង្កែបានស្រកអស់ក៏ដោយ តែសម្រាប់តំបន់នេះនៅពេលមានទឹកចាល់មកពីទន្លេសាប ទើបបណ្តាលឱ្យលិចស្រូវរបស់ពួកគាត់តែម្តង ហើយត្រូវបានកម្លាំងចម្រុះរួមសហការគ្នាចុះជួយច្រូត ដើម្បីប្រមូលស្រូវដណ្តើមពីទឹកជំនន់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

លោក អភិបាលស្រុកឯកភ្នំ បានចាត់ទុកថា ការចុះច្រូតស្រូវនាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ គ្រប់កាលៈទសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសនៅក្នុងពេលដែលដំណាំស្រូវរបស់គាត់កំពុងទុំហើយត្រូវទឹកលិចទៀត គឺត្រូវតែជួយច្រូតឱ្យបានទាន់ពេលវេលា ។

នៅក្នុងឱកាសនោះដែរ តំណាង ប្រជាពលរដ្ឋជាម្ចាស់ស្រែបានសំដែងនូវការថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុក ក៏ដូចកងកម្លាំងទាំង៣ប្រភេទ ដែលបានជួយដណ្តើមស្រូវពីក្នុងទឹក ជូនពួកគាត់បានរួចផុតពីគ្រោះទឹកជំនន់នាពេលនេះ ដែលនេះគឺជាការយកចិត្តទុកដាក់ផ្សារភ្ជាប់រវាងមន្ត្រីរាជការជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ អ្វីឡើយ ក្នុងការកាត់បន្ថយបាននូវការចំណាយថ្លៃដើមផលិត ជាពិសេសនារដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះផងដែរ ៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *