Breaking News

កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

(ភ្នំពេញ) ៖ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីបើកនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន ក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលបំណងនៃសន្និសីទ ទិសដៅបន្តបន្ទាប់ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសណល់ជាតិផ្ទុះពីសង្គ្រាម និងការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើជាប្រធានកិច្ចប្រជុំអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស ឬហៅកាត់ថាអនុសញ្ញាអូតាវ៉ា នៅក្នុងឆ្នាំ២០២៤ ខាងមុខ។

សន្និសិទសកលលើកទី៣នេះ គឺជាវេទិកាកម្រិតសកលសម្រាប់សហគមន៍ និងជនដែលទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន ព្រមទាំងចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ហើយលទ្ធផលដែលទទួលបានពីសន្និសីទនេះ នឹងក្លាយជាធាតុចូលសំខាន់សម្រាប់ផែនការសម្មភាពនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាធាតុចូលសម្រាប់កិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកដែលគ្មានមីន ក្នុងទីក្រុងសៀមរាប នៅឆ្នាំ២០២៤ ខាងមុខ ដែលមានកម្ពុជាជាប្រធាននៃកិច្ចប្រជុំ។

កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យជាទីកត់សម្គាល់ក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជាមានសមត្ថភាពគ្រប់គ្រានក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភាពលោក។ កម្ពុជាមានមោទនភាពក្នុងការចូលរួមជាតធាតុចូលសម្រាប់ផែនការសកម្មភាពអនុសញ្ញា និងប្តេជ្ញាអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសកម្មភាពដែលកំណត់ដោយអនុសញ្ញា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាក្នុងឆ្នាំ២០២៤ កម្ពុជាបានប្តេជ្ញាចិត្តបន្តសម្រេចឱ្យបាននូវគោលដៅរួមរបស់អនុសញ្ញាអូតាវ៉ា ជាពិសេសគឺការកៀរគរប្រទេសមិនមែនជាភាគីអនុសញ្ញា ឱ្យចូលរួមគាំទ្រ និងចូលជារដ្ឋភាគីនៃអនុសញ្ញា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីន និងមិនមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

បន្ថែមលើនេះ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN-ESCAP) កម្ពុជាបានស្នើបញ្ជូលបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូលទៅក្នុងកិច្ចពិភាក្សារបស់អង្គសន្និបាត ហើយកម្ពុជាប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ក្នុងសកម្មភាពមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងផ្សារភ្ជាប់ UN-ESCAP ជាមួយអនុសញ្ញាអូតាវ៉ា ក្នុងគោលបំណងកៀរគររដ្ឋជាសមាជិកនៃ UN-ESCAP ចូលរួមគាំទ្រអនុសញ្ញានេះ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *