ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពរវាងគណបក្សនយោបាយ ដែលមានគណបក្សការចូលរួមចំនួន២៨ ដែលមានចំនួន៨ចំណុច រួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌ សង្គមពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។
រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។ សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ។
គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។ និងកសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី។ ហើយនិងបើកទូលាយសម្រាប់គណបក្សនយោបាយ ស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ។ កិច្ចព្រមព្រៀងនេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងគ្រានេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «បក្សទាំងអស់មិនស្ថិតនៅក្រោមការគ្រប់គ្រងបក្សណាមួយនោះទេ។ បក្សទាំងអស់មិនចំណុះបក្សប្រជាជននោះទេ ប៉ុន្តែយើងស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ យើងមិនចាត់ទុកបក្សទាំងអស់ ថាជាគណបក្សតូចតាចនោះទេ គណបក្សនយោបាយស្របច្បាប់ គឺមានសិទ្ធិដូចគ្នា»។
សូមជម្រាបជូនថា ក្នុងពិធីចុះហត្ថលេខានោះ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេច ហ៊ុន សែន អមដោយអនុប្រធានទាំង៤រូប រួមមាន សម្តេច ស ខេង, សម្តេច ទៀ បាញ់, សម្តេច សាយ ឈុំ និងសម្តេច ម៉ែន សំអន។ គណបក្សជាដៃគូមាន គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ, គណបក្សពន្លឺថ្មី របស់លោក នួន សុខារី, គណបក្សសញ្ជាតិកម្ពុជា របស់លោក សេង សុខេង។
គណបក្សខ្មែរក្រោក ដែលមានលោក ឈឿង ចាន់ធឿន ជាប្រធានស្តីទី, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ, គណបក្សរស្មីខេមរា ដែលដឹកនាំដោយលោក ស៊ិន សុភាព, គណបក្សខ្មែរសាធារណរដ្ឋ ដឹកនាំដោយលោក ហួង ធៀមទៀង។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានលោក លោក ហួន ច័ន្ទថុន ជាប្រធាន, គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់, គណបក្សធម្មាធិបតេយ្យ ដឹកនាំដោយលោកស្រី ពោធិតី សាវត្ថី, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា របស់លោក ប្លាង ស៊ីន, គណបក្សខ្មែរតែមួយរបស់លោក គុជ លី, គណបក្សឯកភាពជាតិខ្មែរ របស់លោក អ៊ុន ជឹម, គណបក្សកម្លាំងប្រជាធិបតេយ្យ របស់លោក អ៊ុន វិសិទ្ធគុន, គណបក្សស្ត្រីដើម្បីស្ត្រី របស់លោកស្រី ស៊ឹង សុធី។
គណបក្សបំណងពលរដ្ឋ ដែលដឹកនាំដោយ លោក អ៊ិត សារម្យ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ្រ, គណបក្សមហាសាមគ្គីជាតិខ្មែរ របស់លោក ហ៊ាង គឹមស្រឿន, គណបក្សនគរប្រជាធិបតេយ្យ ដឹកនាំដោយលោក ជា ពិសិដ្ឋ, គណបក្សអំណាចប្រជាពលរដ្ឋ របស់លោក កាន់ វីរៈ។
គណបក្សខ្មែរអង្គរ ក្រោមដឹកនាំដោយរបស់លោក គង់ មុនី, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ របស់លោក សុខ ឌី, គណបក្សម៉ូលីណាកា ដែលមានលោក មាស សុត្ថា ជាប្រធាន, គណបក្សចលនាប្រជាធិបតេយ្យ របស់លោក គង្គ់ ប៊ុនធឿន, គណបក្សអភិវឌ្ឍន៍កម្ពុជា របស់លោក ម៉ៅ បូរ៉ា និងគណបក្សមហានគររបស់លោក សែម សម្បត្តិ៕