ប៉ៃលិន៖ ៣ឆ្នាំចុងក្រោយ សាខាពន្ធដាខេត្តប៉ៃលិន ប្រមូលចំណូលសារពើរពន្ធ លើសផែនការបានកំណត់ ជារៀងរាល់ឆ្នាំហើយទទួលបានចំណាត់ល្អគួរអោយកត់សំគាល់ ដោយសាខាពន្ធដាខេត្តប៉ៃលិន បានប្រមូលចំណូលសារពើរពន្ធ លើសផែនការបានកំណត់ ជារៀងរាល់ឆ្នាំ រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០២៣ នេះ។
នេះបើយោងតាមរបាយការណ៍ ដែលធ្វើបទបង្ហាញដោយលោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិន ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីសារពើពន្ធថ្មី ជំពូកទី១៨ ទោសបញ្ញាត្តិ លើពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសាខាពន្ធដាខេត្តប៉ៃលិន ដើម្បីបង្កើននូវការយល់ដឹងបន្ថែមទៀត ដល់អភិបាល ក្រុង ស្រុក ឃុំ សង្កាត់ និងស្មៀនទាំងអស់ ដើម្បីជួយធ្វើការផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់ពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ ជាពិសេសអ្នកជាប់ពន្ធម្ចាស់ក្រុមហ៊ុន សហគ្រាស តាមមូលដ្ឋានជុំវិញខេត្តប៉ៃលិន។
លោក ផាវឌី ណូរិន បានធ្វើការអគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការជួយធ្វើការផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ ពាក់ព័ន្ធនិងពន្ធដា ដល់អ្នកជាប់ពន្ធ ពិសេសប្រជាពលរដ្ឋនិង ក្រុមហ៊ុន សហគ្រាសតូចធំនៅក្នុងមូលដ្ឋាន ធ្វើឲ្យការប្រមូលពន្ធ សម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ ។
លោកប្រធានសាខាពន្ធដាខេត្ត បានបញ្ជាក់បន្ថែមថា៖ ជាក់ស្តែង ក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ សាខាពន្ធដា ខេត្តប៉ៃលិន បានខិតខំក្នុងការប្រមូលចំណូលសារពើរពន្ធ លើសផែនការបានកំណត់ ជារៀងរាល់ឆ្នាំ ដោយ នៅ ឆ្នាំ២០២១ លើសផែការ ស្មើនឹង១៤៧ភាគរយ%, ក្នុងឆ្នាំ ២០២២ លើសផែនការ ស្មើនឹង ១១៧% ។ ម្យ៉ាងវិញទៀតឆ្នាំ ២០២៣ គិតត្រឹមរយះពេល៩ខែដូចគ្នាក្នុងឆ្នាំ ២០២២ សាខាពន្ធដារខេត្តអនុវត្តប្រមូលពន្ធលើសផែនការគួរអោយកត់សម្គាល់ផងដែរ។
ក្នុងឱកាសនោះដែរ លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ចំណូលពន្ធដាសម្រេចបានគ្រប់ផែនការ និងលើសផែនការ ផ្នែកទៅតាមការផ្តល់អនុសាសន៍ យុទ្ធសាស្ត្រអនុវត្តប្រកបដោយប្រសិទ្ធភាព និងការសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អ្នកជាប់ពន្ធ អាជ្ញាធរដែនដីលោកឃុំ-ចៅសង្កាត់ អនុវត្តការផ្សព្វផ្សាយបានទូលំទូលាយតាមមូលដ្ឋានដល់អ្នកជាប់ពន្ធ ម្ចាស់ក្រុមហុន សហគ្រាសតូច មធ្យម និងម្ចាស់អចនលទ្រព្យជាដើម។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចខេត្តប៉ៃលិនយ៉ាងសម្បូរបែបនិងរស់រវើក ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។
ជាមួយគ្នានោះរដ្ឋបាលខេត្តសូមធ្វើការកោតសសើរដល់សាខាពន្ធដាខេត្តប៉ៃលិន ដែលបានអនុវត្តន៍នូវផែនការបានត្រឹមត្រូវច្បាស់លាស់ក្នុងការប្រមូលពន្ធផ្សេងៗលើសផែនការកំណត់និងមានចំណាត់ថ្នាក់ល្អជាងគេផងដែរក្នុងបណ្តាសាខាពន្ធដាខេត្តផ្សេងទៀតដែលនេះជាមោទនភាពមួយដែរ សម្រាប់ខេត្តប៉ៃលិនយើង៕