ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន៧មុខ ដែលត្រូវបានជ្រើសរើសវាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីខែឧសភា ឆ្នាំ២០២៣ ព្រមទាំងផលិតផលមួយចំនួនទៀត ត្រូវបានកត់សម្គាល់ថា ជាផលិតផលសក្តានុពលរបស់រាជធានី/ខេត្ត។
លោកបន្តថា ផលិតផលទាំងនោះ មានដូចជា បង្គារក្រៀម ត្រីងៀតក្រៀម យីហ៊ឺក្រៀម ត្រីប្រឡាក់ ទឹក មាត់ត្រចៀកកាំ សាច់ក្តាម ផ្ដៅ និងដូងក្រអូប ហើយផលិតផលទាំងនោះ បាននិងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ និងវេទិកាផ្សេងៗ។
លោក មីន កុម្ភៈ អភិបាលរងខេត្តមានប្រសាសន៍ដូចនេះនៅក្នុងសិក្ខាសាលាស្តីពី « ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» ដែលបាននិងកំពុងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាពេលនេះ។
សិក្ខាសាលាដោយមានការចូលរួមពីលោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម អភិបាលរងក្រុងស្រុកមន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសិប្បកម្ម ក្នុងខេត្តព្រះសីហនុបានចូលរួម នៅមន្ទីរពាណិជ្ជកម្មខេត្ត នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
លោក តាន់ យុវរដ្ឋ មានប្រសាសន៍ឲ្យដឹងថា ការកំណត់អត្តសញ្ញាណ មុខទំនិញ តាមលក្ខខណ្ឌស្តង់ដា គឺជាសក្តានុពលដ៏សំខាន់របស់កម្ពុជា ហើយខេត្តព្រះសីហនុការយល់ដឹងពីតម្រូវការរបស់អតិថិជនប្រើប្រាស់ ក្នុងទីផ្សារសេរីនៅពេលបច្ចុប្បន្ន គឺជាយន្តការមួយដ៏មានសារៈសំខាន់ សម្រាប់អ្នកផលិត ក្នុងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិទាំងលក់ក្នុងស្រុកនិងការនាំចេញទៅក្រៅប្រទេស។
លោកបញ្ជាក់ថា ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន នាសម័យទំនើបនាពេលនេះ គឺជាកូនសោរមួយក្នុងការដោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលកំពុងប្រឈម ក្នុងការប្រគួតប្រជែងលើទីផ្សារសកល ចំពោះផលិតផលខ្មែរ ដែលជាមុខទំនិញអាទិភាព ទាំង១០រួមមាន:
១.ស្រូវអង្ករ
២.ស្វាយ
៣.ដំឡូងម៉ី
៤.ផ្លែមាន
៥.ផ្លែតាងែន
៦.ផ្លែចេក
៧.ស្វាយចន្ទី
៨.ជ័រកៅស៊ូ
៩.ម្នាស់
១០.ម្រេច។
ដូចនេះ អាចបញ្ជាក់បានថា ទីផ្សាររបស់កម្ពុជា នៅខាងក្រៅគឺមានហើយ គន្លឹះសំខាន់គឺនៅលើក្រុមផលិតរបស់កម្ពុជាយើង ដូចនេះយើងត្រូវពង្រឹង ឲ្យបានល្អទៅតាមអ្វីដែលអតិថិជនត្រូវការ ដូចជាទៅលើគុណភាព តម្លៃនៃមុខទំនិញ ម៉ាក់យីហោ ជាពិសេសត្រូវផ្អែកលើអនាម័យជាចម្បង ។
ទាំងនេះក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត ឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល ចក្ខុវិស័យប្រែក្លាយជាប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕