Breaking News

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី យុទ្ធសាស្រ្តគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ខេត្តស្វាយរៀង៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង អនុវត្តតាមការណែនាំរបស់លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន កម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ក្រុមការងារយុវជន គណបក្សខេត្តស្វាយរៀងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្រ្តគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធជូនដល់យុវជនគណបក្សក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ប្រមាណ២០០នាក់ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យចង់ដឹងអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងភាពផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌរួមនៃយុទ្ធសាស្រ្តជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានមានមតិស្វាគមន៍បើកកម្មវិធី ដោយបានលើកឡើងថាការកម្លាំងយុវជនជាកម្លាំងស្នូលនៅក្នុងការឈានទៅភាពឈ្នះនៃការបោះឆ្នោតកន្លង ចំណែក សិក្ខាសាលានេះពិតជាមានសារៈសំខានសម្រាប់យុវជនគណបក្សព្រោបង្ហាញអំពីសារៈសំខាន់ បញ្ហាប្រឈម ការត្រួតពិនិត្យតាមដាន ការវាយតម្លៃ និង ការកសាងផែនការអនុវត្ត ការចូលរួមពន្លឿននៃសេដ្ឋកិច្ចរបស់ប្រទេស។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវការការពារ ការគាំទ្រ និង ការបណ្តុះបណ្តាលបន្ថែម និងឈានទៅដល់ការចុះបញ្ជីទៅក្នុងប្រព័ន្ធដើម្បីទទួលបាននូវការគាំទ្រពីសេវានានាពីរដ្ឋាភិបាល ហើយយុវជនគណបក្សជាស្ពានចម្លងមួយនៅក្នុងការភ្ជាប់គ្នារវាងបងប្អូនជាអ្នកប្រកបរបរនានានៅក្នុងការងារក្រៅប្រព័ន្ធ ជាមួយនៅក្នុងការបណ្តុះបណ្តាលនានា។

ជាកិច្ចបន្ទាប់ លោកបណ្ឌិត ម៉ុង ឡាមី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានធ្វើបទបង្ហាញ ស្តីពីយុទ្ធសាស្រ្តគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតលើ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣–២០២៨, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, កម្មវិធីគោលនយោបាយជាអាទិភាព ទាំង៦, ក្របខ័ណ្ឌរួមនៃយុទ្ធសាស្រ្តជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ស្ថានភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា, អាទិភាពជាយុទ្ធសាស្រ្ត, និងការកំណត់វិសាលភាព និងការធ្វើអាទិភាវូបនីយកម្ម។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលយុទ្ធសាស្ត្រនេះមានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាននិងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ លើសពីនេះ ការដាក់ចេញឯកសារយុទ្ធសាស្រ្តនេះ ស្រប តាមចំណុចទី៤ នៃកម្មវិធីគោលនយោបាយធំៗ ជាអាទិភាពទំាង៦ របស់គណបក្សសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣–២០២៨ ដែលត្រូវបានដាក់ឱ្យចាប់ផ្តើម អនុវត្ត ភ្លាមនៅក្នុងឆ្នាំ២០២៣ ។

ចំណុចអាទិភាពទំាង៦នៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ ១.ពង្រីកសេវា ថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល,
២. បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជន ដែលមានស្ថានភាពខ្វះខាត,
៣. ធ្វើស្ថាបនូបនីយកម្មកម្មវិធីជំនួយសង្គមជូនដល់គ្រួសារក្រីក្រនិងរងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច,
៤. ដាក់ចេញយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ,
៥. យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយវិស័យ កសិកម្មសម្រាប់ការនាំចេញ និងបំពេញតម្រូវការក្នុងស្រុក,
៦. ដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅជួយកសិករនៅតាមមូលដ្ឋាន។

ដើម្បីអនុវត្ត យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៤–២០២៨ ឱ្យ ទទួលបានជោគជ័យ

រាជរដ្ឋា ភិបាល បានកំណត់ក្រសួង –ស្ថាប័នពាក់ព័ន្ធ ដែលត្រូវ ចូលរួម អនុវត្ត ដោយមានវិធានការគន្លឹះសរុបចំនួន៤៥ ទៅតាមចំណុចអាទិភាពចំនួន៥ គឺ អាទិភាពទី១ ការកំណត់ ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ អាទិភាពទី ២.ការកាត់បន្ថយចំណាយលើការបំពេញអនុលោមភាព អាទិភាពទី៣ ការផ្តល់ការគាំពារនិងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធអាទិភាពទី៤ ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ អាទិភាពទី៥ការពង្រឹង និងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។

ជាកិច្ចបញ្ចប់ លោក ទុំ សារាវុធ អនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្ត បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង និង ថ្នាក់ដឹកនាំស្រុកក្រុង សមាជិក សមាជិកាដែលបានចូលរួមនាថ្ងៃនេះ។ អភិក្រមមួយនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ គឺជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលសំដៅដល់ការធ្វើការងារប្រកបដោយទំនាក់ទំនង ចលនាក្នុងប្រព័ន្ធទាក់ទងគ្នា បំពេញឲ្យគ្នា មិនដាច់ដោយដុំ ហេតុនេះ ទើបថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ខិតខំរិះរកកិច្ចការណាខ្លះដែលពាក់ព័ន្ធដើម្បីចូលរួមទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។

ការងារនិងការទំនាក់ទំនង នឹងជំរុញការងារឲ្យទទួលបានជោគជ័យដោយកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមាន។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ មួយផ្នែកគឺដើម្បីចូលរួមជំរុញការអនុវត្តការចុះបញ្ជីដើម្បីឲ្យរដ្ឋមានព័ត៌មាន ទិន្នន័យច្បាស់លាស់ សម្រាប់ធ្វើកិច្ចអន្តរាគមន៍នានា ដូចមានចែងនៅក្នុងគោលបំណងរបស់យុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះក្នុងនាមយុវជនគណបក្សត្រូវស្វែងយល់ និងត្រៀមសហការចូលរួមអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ គោលការណ៍និងសេចក្តីណែនាំនានារបស់គណបក្សនិងបន្តអនុវត្តយន្តការការផ្សព្វផ្សាយដែលជាគន្លឹះនៅក្នុងការអនុវត្ត ការដឹកនាំសម្របសម្រប ពិនិត្យតាមដាន និង វាយត ម្លៃ ។ ជាចុងបញ្ចប់ សំណូមពរដល់សមាជិកសមាជិកាត្រូវ ខិតខំសិក្សារៀនសូត្រ ពីគោលនយោបាយ គោលការណ៍នានា ពីគណបក្ស និងអង្គការចាត់តាំងរបស់ខ្លួន គោរពគោលការណ៍គណបក្ស ផ្សព្វផ្សាយបន្តដល់អង្គការចាត់តាំង និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តដោយការទទួលខុសត្រូវខ្ពស់ពង្រឹងសាមគ្គីភាពដោយឈរលើលក្ខន្តិកៈ គោលការណ៍នានានៅក្នុងបក្សប្រកបដោយការទទួលខុសត្រូវ។

កម្មវិធីផ្សព្វផ្សាយ បានបញ្ចប់នៅវេលាម៉ោង ១១:៤០នាទីព្រឹកថ្ងៃដដែល ដោយទទួលបានលទ្ធផលជាទីមោទនៈ ក្រោមស្មារតីកិច្ចសហប្រតិបត្តិការនិងទទួលខុសត្រូវខ្ពស់៕

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *