ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន ១០នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ពួកគេជាមេក្លោងថតរឿងក្តៅសាច់ នៅក្នុងអគារ Wow Now ស្ថិតតាមបណ្តោយផ្លូវ៣១០ ក្នុងភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានបង្ក្រាបកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងករណីនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា សំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ពួកគេត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទសញ្ចារកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែកចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរង គ្រោះ២នាក់។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមពទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ។ មុនកើតហេតុមាននារីខ្មែរ២នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ក្រុមនោះថា យកពួកនាងទៅថត និង ផលិតរឿងជាវីដេអូក្តៅសាច់ បែបអាសអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគាកើតហេតុខាងលើ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគាមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេសប្រមាណជិត៥០នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស។
បច្ចុប្បន្ន ក្រុមជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្ន៕