Breaking News

រាជរដ្ឋាភិបាលពង្រឹងលើប្រព័ន្ធផ្សព្វផ្សាយ ត្រូវអនុវត្តគោលការណ៍ ៣ ចំណុច តាមការស្នើសុំពីក្រសួងព័ត៌មាន ធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណ បើផុតកំណត់ ៣ខែ ផ្សាយអត់អាជ្ញាបណ្ណ ទទួលខុសត្រូវតាមផ្លូវច្បាប់

ភ្នំពេញ៖ រាជរដ្ឋាភិបាលពង្រឹងលើប្រព័ន្ធផ្សព្វផ្សាយ ត្រូវអនុវត្តគោលការណ៍ ៣ ចំណុច តាមការស្នើសុំពីក្រសួងព័ត៌មាន ធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណ បើផុតកំណត់ ៣ខែ ផ្សាយអត់អាជ្ញាបណ្ណ ទទួលខុសត្រូវតាមផ្លូវច្បាប់ ។ នេះបើយោងតាម លិខិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជម្រាបជូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនោះបញ្ជាក់ពី

កម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បី គ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។

យោង ៖ លិខិតលេខ០៦២ សណ ព.ម ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន

– ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន លោកជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖

១. ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។

២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។

៣.លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះ បញ្ជីហើយមិនដំណើរការក្នុងរយៈពេល១(មួយ)ឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល៣(បី)ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សា រយៈពេលយូរ ។

ដោយឡែក នៅថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងជំនាញចំនួនបី បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

ខ្លឹមសារសំខាន់នៃការចុះហត្ថលេខានាឱកាសនេះរួមមាន ៖

– កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត រវាង លោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន

– កិច្ចសហប្រតិបត្តិការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់ មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន រវាង លោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន

– កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ រវាង លោក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោករដ្ឋមន្ត្រី ក្រសួង ទេសចរណ៍៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *