Breaking News

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារវត្តរាជបូណ៍រដែលមានអាយុរាប់រយឆ្នាំ

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌា នឹងសហការគ្នាជួសជួសជុលគំនូរបុរាណ នៅតាមជញ្ជាំងនៃព្រះវិហារដែលមានអាយុរាប់រយឆ្នាំ ក្នុងវត្តរាជបូណ៍ ក្រុងសៀមរាប។

មានប្រសាសន៍ក្នុងពិធីសម្ពោធបើកការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា លោកស្រីក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួមក្នុងគម្រោងអភិរក្សនិងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃនិងកិត្យានុភាព។

លោកស្រី ភឿងសកុណា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំណុរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្វីត្បិតតែគម្រោងនៃការអភិរក្សនិងជួសជុល មានការយឺតយ៉ាវដោយសារកាលៈទេសៈក៏ដោយ ក៏លោកស្រីជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារគំនូរដ៏មានអត្ថន័យនិងមានតម្លៃទាំងនេះនៅតែរឹងមាំ។ «សូមឲ្យគម្រោងនេះក្លាយជាជំហានមួយទៀត ក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-ឥណ្ឌា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង»។

ចំណែកលោកស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌាដេវីយ៉ានី ខូប្រាកេឌី​ ក៏មានប្រសាសន៍ដែរថា ការគាំទ្រលើគម្រោងអភិរក្សនិងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ឥណ្ឌាសង្ឃឹមថា ជាការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ការគោរពនិងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌រួមរបស់ប្រទេសទាំងពីរ។

តាំងពីឆ្នាំ២០០៥មកអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិរក្សនិងថែរក្សាសំណង់ទាំងឡាយរបស់វត្តរាជបូណ៌ ហើយចាប់ពីឆ្នាំ២០១៤-២០២០វត្តរាជបូណ៌ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌជាតិកម្ពុជា។

ព្រះវិហាររបស់វត្តរាជបូណ៌បានសាងសង់ឡើងតាំងពីសតវត្សទី១៨នៃគ្រិស្ដសករាជ។ទាំងស្ថាបត្យកម្មនិងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិតនិងមត៌កវប្បធម៌ខ្មែរដ៏សំបូរបែប។
នៅលើដំបូលជើងទម្រទ្វារបង្អួចនិងជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ១៥៧ផ្ទាំងដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរកនិងឋានសួគ៌ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សផងដែរ។

បច្ចុប្បន្នស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយ ដែលទាមទារឱ្យមានការជួសជុលនិងអភិរក្សឡើងវិញជាបន្ទាន់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *