ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឲ្យភាគីពាក់ព័ន្ធ ត្រូវរួមគ្នាការពារសណ្ដាប់ធ្នាប់ សុចរិត យុត្តិធម៌ នៃព័ត៌មានអន្តរជាតិ ដោយត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មាន ដើម្បីជំរុញការកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ។
ការថ្លែងនេះរបស់លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវទិកាផ្លាស់ប្តូរវប្បធម៌ កម្ពុជា-ចិនលើកទី៣ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឲ្យបន្តជំរុញការផ្លាស់ប្តូរ និងការរួមបញ្ចូល គ្នានៃវប្បធម៌ប្រទេសទាំងពីរកម្ពុជា-ចិន ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយពីសមិទ្ធផលនៃកិច្ចសហ ប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ លើវិស័យផ្សេងៗ រួមមានវប្បធម៌ អប់រំ ទេសចរណ៍ និងកីឡាជាដើម។
ក្នុងឱកាសនេះដែរ រដ្ឋមន្ដ្រី នេត ភក្ត្រា បានថ្លែងថា «ប្រទេសកម្ពុជា និងប្រទេសចិន គឺជាមិត្តពិតប្រាកដ និងជួយគ្នាក្នុងគ្រាលំបាក។ ប្រទេសទាំង២ គឺជាបងប្អូនល្អ ដែលតែងតែផ្តល់នូវជំនឿជឿជាក់គ្នាទៅវិញទៅមកជានិច្ច»។ លោកថា ឆ្នាំនេះ គឺជាខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយក៏ជាខួបគម្រប់១០ឆ្នាំនៃការ ដាក់ចេញនូវ គំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់និងផ្លូវ» ផងដែរ។
នៅក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងចិនបានបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយបាន ចាប់ផ្តើមពីវិស័យធំៗ ចំនួន៦ រួមមាន នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីផ្ដល់កម្លាំងចលករថ្មី ដល់សហគមន៍ជោគវាសនារួមកម្ពុជា- ចិនក្នុងយុគសម័យថ្មី និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ នេះជាការថ្លែងបញ្ជាក់របស់រដ្ឋមន្ដ្រី នេត ភក្ត្រា៕