សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ (Shihohara Katsuhiro) អតីតឯកអគ្គរាជទូតជប៉ុន និងជាប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា និងលោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី (Kaai Atsushi) ចូលជួបសំដែងការគួរសមនៅវិមាន៧មករា ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ឯកឧត្តម ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ មានប្រសាសន៍សំដែង នូវការភ្ញាក់ផ្អើលចំពោះភាពរីកចំរើនដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ដោយឡែកលោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី មានប្រសាសន៍ជំរាបជូនសម្តេចតេជោ ថា រូបលោកធ្លាប់បានជួយកម្ពុជាលើបញ្ហាភ្នែកជូនប្រជាជនកម្ពុជា រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងនោះរួមទាំងបានជួយពិនិត្យព្យាបាល និងផលិតកែវភ្នែកជូនសម្តេចតេជោផងដែរ។
លោកវេជ្ជបណ្ឌិតបន្តថា រូបលោកខកខានមកកាន់កម្ពុជារយៈពេល១៣ឆ្នាំមកហើយ មកដល់ពេលនេះរូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចំរើនយ៉ាងឆាប់រហ័ស និងមានភាពអស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តមកក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងពីរ ដែលបានចូលរួមសហការជាមួយសម្តេចកាលពីពេលកន្លងមក ពិសេសការចូលរួមសហការលើបញ្ហាភ្នែករបស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី នៅកម្ពុជា ។
ក្នុងនោះរួមទាំងបញ្ហាផ្នែករបស់សម្តេចផ្ទាល់ មានភាពល្អប្រសើរបំផុត។ សម្តេចតេជោក៏បានបញ្ជាក់ពីគោលបំណង នៃការអញ្ជើញទៅប្រទេសជប៉ុន នៅពេលខាងមុខ ដើម្បីពិនិត្យសុខភាពភ្នែករបស់សម្តេចផងដែរ៕