Breaking News

អគ្គនាយិកាអង្គការយូណេស្កូ គាំទ្រព្រះរាជសំណើទាំងឡាយ របស់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យនានា

ភ្នំពេញ៖ អគ្គនាយិកាអង្គការយូណេស្កូលោកស្រី អូដ្រេ អាហ្ស៊ីឡាយ (Audrey Azoulay) បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃ នៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរណ៍តាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវ តម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។

ការគាំទ្រនេះ នៅក្នុងជំនួបសវនាការមុនសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នៅក្នុងជំនួបសវនាការមុនពិធីបើកសន្និ សីទនេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធ នាពេលកន្លងមក។ ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការយូណេស្កូ នៅកម្ពុជា និងជោគជ័យនៃយន្តការអន្តររដ្ឋា ភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវ របស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលលើកឡើងពីចំណុចសំខាន់ៗដែលជាគោល នយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេស លើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការត្រៀមរៀបចំចុះបញ្ជី បេតិកភណ្ឌនូវមរតករូបីនិងអរូបីរបស់កម្ពុជានាពេលអនាគត ការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីរក្សាការពារ នូវតម្លៃអង្គរ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានស្នើ សុំអង្គការយូណេស្កូបញ្ជូនអ្នកជំនាញ បច្ចេកទេសមកកម្ពុជា ដើម្បីផ្ដល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការលើការងារទាំងវនេះ។

ជាកិច្ចឆ្លើយតប លោកស្រី អូ អាហ្ស៊ីឡាយ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិ ការលើវិស័យនានា ដែលជសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវ តម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។

បន្ទាប់មក នាពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីអង្គរ នៅក្នុងព្រះរាជសុន្ទរកថាគន្លឹះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារអស់រយៈពេលជាង ៣០ឆ្នាំ ដើម្បីការពារ ជួសជុលនិងគ្រប់ គ្រងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង បានលើក ឡើងពីការធានាបន្តនិរន្តរ ភាពការងារទាំងនេះ របស់រាជរដ្ឋាភិបាលថ្មីក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះសហប្រធានបារាំង និង ជប៉ុន ព្រមទាំងប្រទេសសមាជិកទាំងអស់ (ICC Ang kor ជាពិសេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងអង្គការយូណេស្កូ ដែលបានផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏ អស្ចារ្យប្រកបដោយប្រសិទ្ធភាព និងសាទរការបន្តអាណត្តិរបស់គណៈកម្មាធិការសម្រប សម្រួលអន្តរជាតិ ក្នុង ទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យ ថ្លែងអំណរគុណចំពោះអគ្គនាយក-អគ្គនាយិកាកន្លងទៅនិងបច្ចុប្បន្នរបស់អង្គការយូណេស្កូ សម្រាប់ការ ដឹកនាំពោរពេញដោយក្តីស្រឡាញ់ពិតប្រាកដចំពោះកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសំដែងនូវ ព្រះទ័យសោមនស្សរីករាយផងដែរ ចំពោះការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យថ្លែងព្រះរាជបន្ទូលស្វាគមន៍ចំពោះសេចក្តី សម្រេចរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការផ្តល់អាទិភាព លើវិស័យអប់រំ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្ម ភាពរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវ ដល់អង្គការយូណេស្កូឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ។

សូមជម្រាបថា តបតាមការសូមយាងរបស់លោកស្រី អូដ្រេ អាហ្ស៊ីឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការ យូណេស្កូ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅទីស្នាក់ការកណ្តាលអង្គការ យូណេស្កូទីក្រុងប៉ារីស នៅថ្ងៃទី១៥ ខែ វិច្ឆិកា
ឆ្នាំ២០២៣៕

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *