ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីល្ងាចថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការ ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាស៊ីហ្គេមលើក ទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ព្រមទាំងមានការអញ្ជើញចូលរួមពី សំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តា ប្រទេសជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីជាច្រើនរូប។
កម្ពុជាទទួលបានលទ្ធផលបច្ចេកទេសលើសពីការរំពឹងទុក ដែល ប្រជា ជន កម្ពុជាទាំងក្នុង និងក្រៅប្រទេសមានអារម្មណ៍ភ្ញាក់ផ្អើលពីសមត្ថភាពដ៏ខ្លាំងក្លា ទេពកោសល្យដ៏ប៉ិនប្រសព្វ ជំនាញវិជ្ជាជីវៈកីឡា ដ៏គត់មត់ រួមជាមួយការបង្ហាញ នូវអត្តចរិកសមរម្យ ឥរិយាបថថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត ក្រមសីលធម៌កីឡា គោលការណ៍លេងដោយយុត្តិធម៌របស់អត្តពលិកជាតិទើបអត្តពលិកស៊ីហ្គេមកម្ពុជាដណ្តើមបានមេដាយមាស៨១ មេដាយប្រាក់៧៤ និងមេដាយសំរឹទ្ធ ១២៧ សរុប ចំនួន ២៨២ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រខ្ពស់ ជាងគេបំផុតសម្រាប់ កម្ពុជា ដែល បានឈរចំណាត់ថ្នាក់ទី៤ ក្នុងចំណោម១១ប្រទេស។
នេះជាមោទនភាពបន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិ នៃភ្លើងសង្គ្រាម និងតម្រូវការកសាង ប្រទេសពី ភ្លើងសង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួល រៀប ចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ៕