កណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធី ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម គម្រប់៧១ យាងចូល៧២ ព្រះវស្សា នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការក្នុងខេត្តកណ្ដាល។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម គម្រប់៧១ យាងចូល៧២ ព្រះវស្សា តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទូទាំងខេត្តកណ្តាល សូមក្រាបបង្គំ សម្តែងនូវកតញ្ញូកតវេទិកាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាល ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ លះបង់ពេលវេលា និងព្រះកាយពលបំពេញនូវព្រះរាជកិច្ចប្រកបដោយ ព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម បម្រើ ឧត្តមប្រយោជន៍ជាតិ សាសនា និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ជាពិសេសការបរិច្ចាគព្រះរាជទ្រព្យជាបន្តបន្ទាប់ ដើម្បីជួយដល់វិស័យមនុស្សធម៌ ការលើកកម្ពស់ សុខុមាលភាពសាធារណៈ និងព្រះរាជតម្រិះពីសុខទុក្ខរបស់ប្រជារាស្ត្រនៅគ្រប់កាលៈទេសៈ ព្រមទាំងព្រះរាជសកម្មភាពជាច្រើនទៀត ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។
ឯកឧត្ដម បន្តថា៖ សមិទ្ធផលជាច្រើន នៅលើទឹកដីខេត្តកណ្តាល ដែលជាព្រះរាជអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បាននឹងកំពុងបម្រើដល់ប្រយោជន៍ ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ រួមមានវត្តអារាម អគារសាលារៀន មន្ទីរពេទ្យ និងជាពិសេស ប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី ស្ថិតក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កាលពីខែតុលា ឆ្នាំ២០២០។
ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា៖ ទន្ទឹមនេះ ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនានា ព្រះករុណាថ្លៃវិសេស តែងយក ព្រះរាជហឫទ័យទុកដាក់អំពីសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ និងបានប្រោសព្រះរាជទាន អំណោយផ្ទាល់របស់ព្រះអង្គ ជួយដល់ប្រជារាស្ត្រទីទ័លក្រជួបការលំបាកពីផលប៉ះពាល់ គ្រោះមហន្តរាយផ្សេងៗ និងរងគ្រោះពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបានព្រះរាជទានព្រះរាជអំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ ជាច្រើនដល់ប្រជារាស្ត្រ របស់ព្រះអង្គ និងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្តាល។
ជាចុងក្រោយ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទូទាំងខេត្តកណ្តាល សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីព្រះ រាជាណាចក្រកម្ពុជា ឬទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបានសមប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុម រមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូប ជានិច្ចនិរន្តរ៍តរៀងទៅ៕SRN