Breaking News

ខេត្តភាគឦសាន៤បន្ថែមទៀត ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ក្រចេះ៖ ក្រសួងបរិស្ថាន បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលខេត្តចំនួន៤បន្ថែមទៀតនៅតំបន់ភាគឦសានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU)នេះបានធ្វើឡើងក្នុងពិធីបើកមហោស្រពសិល្បៈបុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក, យុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តក្រចេះ។ សម្រាប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន៤នេះ រួមមានដូចជា ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តក្រចេះ, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តរតនគិរី, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី

គួរបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថានបានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៤ខេត្តរួចមកហើយ ក្នុងនេះដូចជា ខេត្តកំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ និងកាកបាតក្រហមកម្ពុជា។

លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ពិធីចុះអនុស្សារណៈគ្នារវាងរដ្ឋលបាលខេត្តទាំង៤នាពេលនេះ ជាផ្នែកមួយយ៉ាងសំខាន់បន្ថែមទៀតក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក និងស្មារតីនៃពិធីចុះអនុស្សារណៈនេះក៏នឹងជួយដល់ការផ្សព្វផ្សាយដល់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីមូលដ្ឋាន និងសាធារណៈជនក្នុងការចូលរួមកាត់បន្ថយប្លាស្ទិកក្នុងប្រទេសកម្ពុជាសំដៅធ្វើយ៉ាងណានៅថ្ងៃខាងប្រទេសកម្ពុជាលែងមានប្លាស្ទិក ជួយដល់បរិស្ថានស្អាត ជួយឱ្យកុមារមានសុខភាពល្អ និងពិសេសជួយក្នុងការទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀតនៅកម្ពុជា។

ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក បាននិងកំពុងបង្កហានីភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថានគួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។ ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និង ភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។

កន្លងមក លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឲ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។ គិតចាប់ពីថ្ងៃទី១កញ្ញា រហូតមកដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកចូលរួម ផ្ទាល់សរុបចំនួនជាង ២លាន ៧សែននាក់ហើយ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *