Breaking News

ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ

ភ្នំពេញ ៖ ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ។ ពូជនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវCNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។ ក្រោយពីបានអភិវឌ្ឍពូជស្រូវថ្មីនេះដោយជោគជ័យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកពូជស្រូវនេះទៅកាន់កសិករទូទាំងប្រទេស កាលពីចុងឆ្នាំ២០២២។

នាពេលបច្ចុប្បន្ន វិទ្យាស្ថាន CARDI ដែលមានទីតាំងនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដាំដុះពូជស្រូវប្រភេទនេះជាច្រើន ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្រប ដើម្បីបង្កើតផលិតភាពកសិកម្ម ក្រោមទស្សនទាន “បច្ចេកវិទ្យា ដើម្បីវិបុលភាពសង្គម” ។ តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ “ចំប៉ីស៧០” ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករនៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន ដែលចង់បានពូជនេះទៅប្រើប្រាស់ ឬបន្សុទ្ធពូជដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវចំណាយថវិកាទិញប្រចាំឆ្នាំទៀតឡើយ។ 

សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាកិច្ចការអាទិភាពទី៣ នៅក្នុងបញ្ចកោណទី៤ ដែលរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់. ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពនៅជនបទ ស្របតាម “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *