ស្វីស៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន។
ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថាកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានកិច្ចប្រជុំ កម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម បានជម្រាបថាជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង២២ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិក។ ឯកឧត្តម ចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌នានារួមទាំងអនុសញ្ញាអូតាវ៉ានេះ ហើយបានបញ្ជាក់ថាជប៉ុននឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥៕