ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតទីតាំងសប្បាយៗចំនួន ១២កន្លែង ជូនប្រជាពលរដ្ឋក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអកអំបុក ឆ្នាំ២០២៣។ នេះបើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងសេចក្តីជួនដំណឹង បានបញ្ជាក់ថា ទីតាំងទាំង១២កន្លែង មានដូចជា៖
១. កម្មវិធី “ទីជលគុណ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅ សួនច្បារមុខវត្តបទុមវតី ផ្នែកខាងជើង ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
២. កម្មវិធីប្រគំតន្ត្រី ស្ថិតនៅសួនច្បារ មុខវត្តបទុមវតីផ្នែកខាងត្បូង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
៣. កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្នែកខាងលិច សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
៤. កម្មវិធីប្រគំតន្ត្រី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ស្ថិតនៅរោងអាយ៉ៃ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
៥. កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារ ទល់មុខក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
៦. កម្មវិធីប្រគំតន្ត្រី ស្ថិតនៅក្បែរសួនច្បារមាត់ទន្លេទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
៧. កម្មវិធី “ប្រដាល់គ្រុឌគុនខ្មែ” រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្ថិតនៅសួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៨. កម្មវិធីប្រគំតន្ត្រី ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៩. កម្មវិធីប្រគំតន្ត្រី ស្ថិតនៅសួនច្បារ កោះពេជ្រ City Hall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
១០. កម្មវិធីប្រគំតន្ត្រី ស្ថិតនៅមុខសាលមហោស្រព កោះពេជ្រសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
១១. ការរៀបចំស្តង់តាំងលក់ផលិតផល រៀបចំដោយមជ្ឈមណ្ឌសន្និបាត និងពិពរណ៍កោះពេជ្រ ស្ថិតនៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
១២. កម្មវិធីប្រគំតន្ត្រី ស្ថិតនៅតំបន់ទីក្រុងរណប កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕