Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបោសសម្អាតមីនបន្ថែម ៣,១ លានដុល្លារអាមេរិក តាមរយ:គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤

(បន្ទាយមានជ័យ) ៖ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥ លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្របសម្រួលដោយអង្គការ UNDP ។ តាមរយៈគម្រោងនេះ  អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ គូសបញ្ជាក់ផងដែរថា  កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារអាមេរិក។

ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។  លោកបានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសណូវែលហ្សឺឡង់ ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *