Breaking News

ចាប់ខ្លួនជនជាតិចិន ១០នាក់ បន្ទាប់ពីបង្ករហិង្សា និងអសន្តិសុខសង្គម នៅលើកំណាត់មហាវិថីព្រះមុនីវង្ស

ភ្នំពេញ៖ យ៉ាងហោចណាស់ជនជាតិចិនប្រមាណ ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់វាយខ្នោះ និងឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើបុរសចិនម្នាក់ទៀត រួមទាំងវាយកម្ទេចរថយន្ត ១គ្រឿងឲ្យខូចខាត កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់មហាវិថីព្រះមុនីវង្ស ទល់មុខធនាគារវីង ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនមួយក្រុម មិនដឹងថាមកពីណានោះទេ ដោយពួកគេបានស្ទាក់ឃាត់រថយន្ត១គ្រឿងម៉ាក KIA ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ2BI-7628 កំពុងតែបើកបរតាមបណ្តោយវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។ ជនបង្ក១ក្រុមនោះ បានលោតធាក់កញ្ចក់ខាងមុខរថយន្ត ខ្លះទៀតប្រើដុំឥដ្ឋការ៉ូឡា និងកាំបិតបុ័ងតោ រួមទាំងអាវុធផ្សេងៗទៀតវាយកម្ទេចរថយន្ត១គ្រឿងនោះ ដែលមានបុរសចិនម្នាក់នៅក្នុងនោះ។

បន្ទាប់ពីវាយកម្ទេចរថយន្តរួច ក្រុមជនបង្កខាងលើបានព្យាយាមប្រើហិង្សាទៅលើម្ចាស់រថយន្ត ប្រៀបដូចជាក្រុមចាប់ជំរិត ដោយប្រើកាំបិតកាប់ចំដើមដៃជនរងគ្រោះ ព្រមទាំងព្រួតវាយរហូតរងរបួសធ្ងន់។ ឃើញដូចនេះ ប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗ បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចចម្រុះខណ្ឌបឹងកេងកង បានចុះមកកាន់ទីតាំងកើតហេតុ ឃាត់ខ្លួនក្រុមជនបង្កប្រមាណ ១០នាក់។ ចំណែកជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបឋម (លាងរបួស) ព្រមទាំងហៅរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

សូមបញ្ជាក់ថា នៅក្បែរទីតាំងកើតហេតុ សមត្ថិច្ចរកឃើញមានកាំបិតបុ័ងតោ១ដើម ដុំឥដ្ឋការ៉ូឡាជាច្រើនដុំ ដែលក្រុមជនបង្កប្រើប្រាស់ពេលបង្កហិង្សាលើជនរងគ្រោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនក្រុមជនដៃដល់ទាំងនោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីធ្វើការសាកសួរបឋម។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុម្តងទៀត ដើម្បីដកហូតរថយន្តដែលជាប់ពាក់ព័ន្ធករណីខាងលើ យកទៅរក្សាទុកនៅការិយាល័យព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *