ខេត្តបាត់ដំបង៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ ដែលជានាយកសាលានគរបាលជាតិភូមិភាគ៥ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ខណៈលោកផ្កាយ២ នគរបាលរូបនេះ បានធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត។
នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា លោក ប៉ិ វ៉ាន់ ហៅ គ្រូឡុង មានឋានន្តរស័ក្ដិឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរបាលជាតិភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទូលម្កាក់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។
ប្រភពដដែលបន្តថា លោកផ្កាយ២ដែលសំបូររឿងអាស្រូវរូបនេះ ជាពិសេស សំណុំរឿងដីធ្លី នៅស្រុកសំឡូត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវនិងឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនលេខ៧ ដកឧ/២៣ ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ លោក សួស សំអាត។
បេីយោងតាមប្រភពព័ត៍មានពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថានៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាលត្រូវបានចាប់ខ្លួនពីបទ «រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១, ៣៩២នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបជូនផងដែរថា បច្ចុប្បន្នជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ត្រូវបានសមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោយខ្លួនបញ្ជូនដល់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ៕