Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឧត្តមភរិយា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ សូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ ឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះលើប្រព័ន្ធ Telegram ផ្លូវការជូនពរដល់ជនរួមជាតិ ដោយសម្តេចមានប្រសាសន៍ថា ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ ខ្ញុំនិងភរិយាសូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ ឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា៖ ពិធីបុណ្យឆ្លងឆ្នាំសកលត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក ក្នុងឱកាសឆ្លងពីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ក៏ប៉ុន្តែការអបអរឱកាសពិសេសនេះមិនមែនប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅលើផែនដីឡើយ គឺមានប្រទេស ក៏ដូចជាតំបន់ខ្លះឆ្លងមុនគេ និងខ្លះទៀតឆ្លងក្រោយគេ។

មូលហេតុដែលធ្វើឱ្យមានការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំក្នុងពេលខុសគ្នាបែបនេះ គឺដោយសារគេបានបង្កើតខ្សែបន្ទាត់អរូបីមួយហៅថា International Date Line (IDL) សម្រាប់កំណត់ព្រំដែនលើផ្ទៃផែនដី ដើម្បីបែងចែករវាង «ថ្ងៃថ្មី» និង «ថ្ងៃចាស់»។ ខ្សែបន្ទាត់នេះស្ថិតនៅខ្សែបណ្តោយទី១៨០ ចន្លោះដែនដីរបស់ប្រទេសរុស្ស៉ី និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក អន្លាយមកដល់កណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក។ គេចាប់ផ្តើមរាប់ថ្ងៃថ្មីពីខ្សែបន្ទាត់នេះដេញមកខាងឆ្វេងដៃ គឺដូចជាដំណើរនៃផែនដីវិល ខណៈអ្វីៗដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់នោះគឺជាថ្ងៃចាស់។ ឧទាហរណ៍ នៅខាងឆ្វេងចូលដល់ថ្ងៃទី១ ខែមករា ឆ្នាំថ្មី នៅថ្ងៃស្តាំវិញគឺស្ថិតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំចាស់នៅឡើយទេ។

ដូច្នេះហើយប្រទេសដែលតែងតែឆ្លងចូលឆ្នាំថ្មីមុនគេ គឺប្រទេសគិរីបាទី (Kiribati) ប្រទេសតុងហ្កា (Tonga) និងប្រទេសសាម័រ (Samoa) ដែលជាក្រុមប្រទេសដីកោះតូចៗនៅឯមហាសមុទ្រប៉ាស៉ីហ្វិក។ ការឆ្លងចូលឆ្នាំថ្មី២០២៤ ប្រជាជាតិទាំងនេះប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល នៅម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងសកល GMT) ហើយបន្ទាប់មកទៀតគឺនូវែលសេឡង់ ដែលត្រូវសួស្តីឆ្នាំ២០២៤ នៅខ្ទង់ម៉ោង១០៖១៥នាទីព្រឹក នៃម៉ោង GMT។ ពេលវេលានៃការឆ្លងចូលឆ្នាំថ្មី គឺបន្តដេញមកខាងឆ្វេងដៃរហូតបែបនេះនៅលើផែនទីពិភពលោកទៅតាមរង្វិលរបស់ផែនដី ខណៈទ្វីបអាមេរិកខាងជើងនិងខាងត្បូងជាទ្វីបចុងក្រោយគេដែលស្វាគមន៍ឆ្នាំថ្មី។

គួរបញ្ជាក់ថា កន្លែងចុងក្រោយដែលឆ្លងចូលឆ្នាំថ្មី ក៏ស្ថិតនៅលើមហាសមុទ្រប៉ាស៉ីហ្វិកដែរ ប៉ុន្តែនៅខាងស្តាំដៃខ្សែបន្ទាត់ IDL នោះគឺកោះប៊ែកឃើ (Baker) និងកោះហោលែន (Howland) របស់សហរដ្ឋអាមេរិក ដែលត្រូវចូលឆ្នាំថ្មីនៅម៉ោង១២ថ្ងៃត្រង់ GMT ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែកោះទាំងពីរគ្មានមនុស្សរស់នៅទេ។ ដូច្នេះហើយកន្លែងមានមនុស្សរស់នៅ ដែលមានរៀបចំពិធីអបអរឱកាសឆ្លងឆ្នាំសកល គឺដែនដីកោះសាម័ររបស់អាមេរិក (American Samoa) ដែលប្រារព្ធការអបអរនៅម៉ោង១១ព្រឹក GMT ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *