កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព ‘’ អែស អរ អិន ‘’ យើងដឹងកាលពីថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៤នេះថា
មានករណីលួច (សត្វគោ)កើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង១៣ និង៣០នាទីនៅចំណុចវាលស្រែស្ថិតនៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថា
ជនរងគ្រោះមានឈ្មោះ រូ វណ្ណនី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ចំណែកឯជនសង្ស័យត្រូវបាន នគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបានមានឈ្មោះ សុវណ្ណ រិទ្ធិ ហៅចយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន គ្មាមសារធាតុញៀនក្នុងទឹកនោម(-) ធ្លាប់ជាប់មណ្ឌលបន្សាបសារធាតុញៀន ឱកាសខ្ញុំ ចំនួន០១លើក រយៈពេល០៨ខែ ក្នុងឆ្នាំ២០២១) ។
ក្នុងនោះវត្ថុតាងដែរបាត់បង់ សត្វគោញី ចំនួន០១ក្បាល មានសម្បុរ ស និងសម្ភារៈចាប់យកមានសត្វគោងាប់ ចំនួន០១ក្បាល(វះយកសាច់ភ្លៅខាងឆ្វេង) ជនរងគ្រោះមិនប្រគល់ជូនសមត្ថកិច្ចឡើយ ។សាច់គោស្រស់០១ឆ្នាំង ទម្ងន់៣គីឡូក្រាម(នៅក្នុងផ្ទះជនសង្ស័យ)កាំបិតផ្កាក់ចំនួន០១ដើម (ជារបស់ជនសង្ស័យ)។
លោកអធិការនគរបាលស្រុកអង្គស្នួលបានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុកាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង០០នាទី ជនរងគ្រោះបានដឹកគោរបស់ខ្លួនទៅចងនៅវាលស្រែខាងត្បូងភូមិ ។ លុះដល់ម៉ោងកើតហេតុ ឪពុកក្មេករបស់ជនរងគ្រោះក៏បានទៅមើលគោបំណងដឹកឱ្យទឹកស្រាប់តែមិនឃើញគោឡើយ។ ពេលនោះឪពុកក្មេកជនរងគ្រោះបានទូរស័ព្ទទៅប្រាប់ជនរងគ្រោះថាបាត់គោយើងហើយ លុះដល់ម៉ោង១៨ និង០០នាទីជនរងគ្រោះបានចេញពីធ្វើការក៏នាំគ្នាដើររកតែមិនឃើញ។លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០នាទី ជនរងគ្រោះព្រមទាំងបងប្អូនក្នុងភូមិ និងប្រជាការពារឃុំ បានបន្តដើររកទៀត ទើបបានប្រទះឃើញគោរបស់ជនរងគ្រោះដែលបាត់នោះងាប់ក្នុងព្រៃខាងត្បូង ភូមិ
ច្រកក្រសាំង ឃុំទួលព្រេជ ដោយគោត្រូវជនសង្ស័យវះសាច់ភ្លៅ និងស្នាមកាប់កញ្ចឹងក ។ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានសហការជាមួយកម្លាំងផ្នែកជំនាញស្រុកបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាហើយឈានដល់ការនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចសត្វគោរបស់ជនរងគ្រោះប្រាកដមែន។ចំពោះករណីនេះដែរ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ