Breaking News

កម្ពុជាបានរំដោះមីននិងគ្រាប់ច្រើនជាងគេលើពិភពលោក ក្នុងចំណោមប្រទេសចំនួន៣០

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់បានបញ្ជាក់ថា ប្រទេសកម្ពុជាបានធ្វើការរំដោះមីន និងគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេនៅលើពិភពលោក ក្នុងចំណោមប្រទេសចំនួន៣០។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានស្នើសុំឱ្យ UN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យចូលរួមជារដ្ឋភាគី ខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំឆ្នាំ២០២៤។

ជាមួយគ្នាផងដែរ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង ៣០ ឆ្នាំ ហើយបានក្លាយជាប្រទេសមួយដែលបានរំដោះផ្ទៃដីមានមីននិងគ្រាប់ច្រើនជាងលើពិភពលោក ក្នុងចំណោមប្រទេស ៣០ ដែលកំពុងធ្វើការបោសសម្អាតមីនដូចកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ឆ្នាំ២០២៥ គឺជាគោលដៅរួមរបស់រដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា និងដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសគ្មានមីន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រាបជូនលោកជំទាវបណ្ឌិតអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងទទួលបានការគាំទ្រពីរដ្ឋភាគីអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញា) ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំការគាំទ្រពី UN-ESCAP ក្នុងកិច្ចការសាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយគាំទ្រដល់កម្ពុជាកៀរគរប្រទេសនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា៕ដោយ៖ សិរី នាគ

 

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃ

Leave a Reply

Your email address will not be published. Required fields are marked *