ភ្នំពេញ ៖ ខណៈកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤នេះ កម្ពុជាបានដាក់ចេញនូវវិធានមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា តាមរយៈការទូត តាមរយះកិច្ចប្រជុំ និងវេទិកានានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។
វិធានការនេះត្រូវបានដាក់ចេញនាថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ នៅទីក្រុងហ្សឺណែវនៃប្រទេសស្វិសក្នុងពេលដែលឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុ សញ្ញាអូតាវ៉ាឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដើម្បីពិភាក្សាអំពីបញ្ហាស្នូលនៃអាណត្តិប្រធានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ានេះ។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសកម្ពុជា បែលហ្សិក ចក្រភពអង់គ្លេស កាណាដា ស្វីស ជប៉ុន ស៊ុយអែត ន័រវេស ថៃ ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។ហើយក្នុងកិច្ចពិភាក្សានោះ អង្គប្រជុំ បានដាក់ចេញ និងកំណត់គោលដៅប្រទេសមួយចំនួនដែលត្រូវធ្វើសកម្មភាពសកលភាវូបនីយកម្មរួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ក្នុងខណៈប្រទេសកម្ពុជាជាប្រធាននៃអនុសញ្ញាឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញា រួមមានការបញ្ចុះបញ្ចូលប្រទេសមិនទាន់ក្លាយជារដ្ឋភាគីតាមរយៈការទូតកម្ពុជា ការប្រើប្រាស់វេទិកាUN-ESCAPក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងប្រទេសដែនកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិក ជាដើម។ កម្ពុជា បានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន/យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ជូនថា តំណាងប្រទេស និងអង្គការសំខាន់ៗ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពសកលភាវូបនីយកម្ម ការបញ្ចុះបញ្ចូល និងការកៀរគរបណ្តាប្រទេសមិនទាន់ក្លាយជារដ្ឋភាគីឱ្យបានចូល រួមផ្តល់សច្ចាប័ន/យល់ ព្រមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពសកលភាវូបនីយកម្ម ត្រូវបានគេជឿ ជាក់ និងលើកឡើងថា អាចនឹងធ្វើឡើងតាមរយៈទំនាក់ ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាកោះប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ ជាដើម៕ដោយ៖ សិរី នាគ