Breaking News

ប្រទេសបែលហ្ស៉ិកប្រកាសគាំទ្រនិងជួយកម្ពុជាអោយបានជោគជ័យលើការងារជាប្រធាននៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤នេះ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍ប្រទេសបែលហ្ស៉ិកប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានសម្តែងការអបអរសាទរ និងកោតសរសើរដល់កម្ពុជា ព្រម ទាំងបានសន្យាជួយសិក្សាប្រមូលព័ត៌មានអំពីជំហរលក្ខខណ្ឌនានា និងស្ថាប័នសម្រេចចិត្តនៃប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញានេះបានគ្រប់ចំនួន ខណៈឆ្នាំ២០២៤នេះ កម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ានោះ។

ការសន្យាពីភាគីប្រទេសប៊ែលហ្សិកយ៉ាងដូច្នេះនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបប្រជុំទ្វេភាគីរវាងឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីននិងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជាមួយឯកឧត្តម Marc Pecsteen de Buytswerve ឯកអគ្គរដ្ឋទូតនិងតំណាងអចិន្ត្រៃយ៍ប្រទេសបែលហ្ស៊ិកប្រចាំនៅអង្គការសហប្រជា ជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសបែលហ្ស៊ិក។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីការងារអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រម ទាំងជំរុញឱ្យមានការចូលរួមជាមួយកម្ពុជា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងសកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋ មន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការដោះ ស្រាយបញ្ហាមីន ដោយបានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្ត ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោល ដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋា ភិបាល និង ប្រជាជនបែលហ្ស៉ិក ដែលបានចូលរួមជួយដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ធ្លាប់បានជួយដល់ការងារបោសសម្អាតមីនផងដែរ ព្រមទាំងបានកំពុងជួយគាំទ្រដល់កិច្ចប្រតិបត្តិការរបស់អង្គការ APOPO (កណ្តុរហិតមីន)។ ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានយាងអញ្ជើញអ្នកអង្គម្ចាស់នៃប្រទេសបែលហ្ស៊ិកដែលជាប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ាចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីនក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

តំណាងអចិន្ត្រឺយ៍ប្រទេសប៊ែលហ្សិក បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជានៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយបានសន្យាផ្តល់កិច្ចសហការនិងគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក។ ប្រទេសបែលហ្ស៊ិក បានសន្យានឹងជួយសិក្សាប្រមូលព័ត៌មានអំពីជំហរលក្ខខណ្ឌនានា និងស្ថាប័នសម្រេចចិត្តនៃប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា ក្នុងខណៈពេលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ៕ដោយ៖ សិរី នាគ

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *