Breaking News

ស្វីសសន្យាបង្កើនកញ្ចប់ថវិកាបន្ថែមលើសកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញា ឆ្នាំ២០២៤

ប្រទេសស្វីសបានអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំ​ប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ព្រមទាំង​បានសន្យាផ្តល់​នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជា​ឱ្យទទួលបានជោគជ័យទៅតាមគោលដៅ​ដែលរំពឹង​ទុក ​ព្រមទាំងបានសន្យាបង្កើនកញ្ចប់ថវិកា​បន្ថែមសម្រាប់សកម្មភាព និង​បេសកកម្មរបស់​កម្ពុជា ក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤។

ការសាទរកោតសសើរនិងសន្យាគាំទ្រដល់កម្ពុជាយ៉ាងដូច្នេះ ខណៈឯកឧត្តមបណ្ឌិត លី ធុជ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ​នៃអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម Jullien Thoni ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសស្វីសប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ​ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីសនា ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤ស្ថិតនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។

ក្នុងជំនួបទ្វេភាគីនេះ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានផ្តោតលើការងារសំខាន់ៗចំនួន ៣ រួមមាន (១)ការផ្សព្វផ្សាយភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា របស់កម្ពុជា (២)ការកៀរគរការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីដៃគូរពាក់ព័ន្ធ និង(៣)ការជំរុញឱ្យមានការចូលរួមជាមួយកម្ពុជាដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។

នៅកិច្ចប្រជុំទ្វេភាគីនេះកម្ពុជាបានទទួលនូវលទ្ធផលជាវិជ្ជមាន ដោយប្រទេសស្វីស បាន​អបអរសាទរ និងកោត សរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង​របស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជាឱ្យទទួលបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក ព្រមទាំង​បាន​សន្យាបង្កើនកញ្ចប់ថវិកាបន្ថែមសម្រាប់សកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជា​ម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រ​ដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤៕ដោយ៖ សិរី នាគ

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *