ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋាន កិច្ចការអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ ធ្វើការបង្ក្រាបរថយន្តដឹកស្លាបមាន់ ខូចគុណភាព ចំនួន ២០០កេស ស្មើនឹង ២,០០០គីឡូក្រាម យកទៅដុតកម្ទេចចោល។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា មន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលស្លាបមាន់ ខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young ពណ៌លឿន ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9042 មកពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកទៅបំផ្លាញចោលតាមនីតិវិធី។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ដោយឡែកកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕