Breaking News

ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជាសម្រេចបាន នាពេលកន្លងមក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សម្តែងការគួរសម និងជម្រាបលា។

ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួប​សម្តែង​ការ​គួរសម និងជម្រាបលា​ក្នុង​ឱកាសដែល​លោក​ជំទាវ​បញ្ចប់អណត្តិការទូតនៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូ​វ​បាន​ជ្រើស​តាំង​ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវ​ឯក​អគ្គ​រដ្ឋទូត ក៏បាន​សម្តែង​នូវ​ការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល​ នៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះ វិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *