Breaking News

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៖យានយន្តជាង ១០ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន កាលពីសប្តាហ៍មុន ខណៈក្រុមហ៊ុន អំពាវនាវដល់ពលរដ្ឋ សូមអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវ និងគោរពច្បាប់ស្តីពីចរាចរណ៍

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីសប្តាហ៍មុន គឺគិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៦,៥៩៣ គ្រឿង។

អ្នកនាំពាក្យក្រសួងសាធារណការ ក៏បានឱ្យដឹងបន្ថែមថា កាលពីសប្តាហ៍មុន មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៤៦ ខ្សែ ក្នុងនោះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៦០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៨៤ករណី។

ជាមួយគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ព្រមទាំងសូមបើកបរដោយសុវត្ថិភាព៕ដោយ៖ សិរី នាគ

Check Also

ខណៈអាកាសធាតុក្ដៅខ្លាំងឡើង រហូតលើស៤០ អង្សាសេ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *