Breaking News

ល្បែងស៊ីសងគ្រប់ប្រភេទនៅ ម្ដុំអគ្គិសនីកម្ពុជាវត្តភ្នំដំណើរការវិញហើយ?

ភ្នំពេញ៖ ស្របពេលដែលអាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងដ៏ធំមួយនោះមានសេចក្តីរាយការណ៍ឲ្យដឹងថា វង់ល្បែងចំរុះច្រើនប្រភេទនៅម្ដុំអគ្គិសនីវត្តភ្នំស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញបង្ក្រាបកាលពីប៉ុន្មានខែមុននោះ ពេលនេះបានដំណើរការវិញហើយ។ ការបើកដំណើរការឡើងវិញនេះមិនមែនអាជ្ញាធរខណ្ឌមិនដឹងនោះទេ ប៉ុន្តែទំនងជាម្ចាស់វង់ល្បែងស៊ីសងមួយនេះមានអំណាចនឹងតួនាទីធំជាងអភិបាលខណ្ឌដូនពេញនោះទៅទៀត។ 

បើតាមសេចក្តីរាយការណ៍ប្រាប់ថា ល្បែងស៊ីសងនៅទីនោះច្រើនប្រភេទដូចជាបៀរ,អាប៉ោងនិងជល់មាន់ជាដើម..។ អ្នកលេងល្បែងស៊ីសងសុទ្ធតែត្រូវបានកំណត់មុខសញ្ញាច្បាស់លាស់មិនមែនដើរចេញចូលងាយនោះទេ។ ជាពិសេសគឺមានសន្តិសុខយាមកាមច្បាស់លាស់ដោយមិនអនុញ្ញាតឲ្យមនុស្សប្លែកមុខចូលនោះឡើយ។ អ្នកលេងល្បែងកម្មង់ម្ហូបឬនំនែក ពីខាងក្រៅមកពោលគឺមិនអនុញ្ញាតឱ្យមានមនុស្សចេញ,ចូលរហេតរហូតដូចមុនមុននោះឡើយ។ 

នៅទីនោះមានកន្លែងបញ្ចាំរបស់របស់មានតម្លៃនៅពេលដែលអ្នកលេងត្រូវការលក់ឬបញ្ចាំ។ ប្រភពរាយការណ៍ថា បន្ទាប់ពីអាជ្ញាធរបង្ក្រាបម្ដងមកអ្នកចូលលេងល្បែងនៅទីនោះសុទ្ធតែបានកំណត់មុខសញ្ញាច្បាស់លាស់គឺមិនមែនសុទ្ធតែចេញចូលស្រេចតែចិត្តនោះទេ។ គេថា អាជ្ញាធរក៏បានដឹងអំពីការបើកដំណើរការឡើងវិញចំពោះវង់ល្បែងស៊ីសងមួយនេះដែរ ដូច្នេះទំនងជាបានស្នើឱ្យមានការរឹតបន្តឹងសន្តិសុខ ជាពិសេសកុំឲ្យក្រុមអ្នកកាសែតបានឃើញ និងកុំឲ្យមើលទៅដូចជាគគ្រឹកគគ្រេងពេក។

យ៉ាងណាក៏ដោយក៏គេមិនដឹងថា រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដឹងដែរឬយ៉ាងណានោះទេ ។ ប្រភពខ្លះបង្ហើបថា ថៅកែវង់ល្បែងស៊ីសងនេះមានឋានៈជាឯកឧត្តម ហើយគាត់បានសម្រួលការងារជាមួយស្ថាប័ននានារួចរាល់អស់ហើយដោយរំពឹងថា មិនមានភាពថ្លោះធ្លោយរហូតដល់ការចាប់ដូចលើកមុននោះឡើយ។ គេមិនក៏មិនដឹងថាតើស្ថាប័នតុលាការត្រូវបានថៅកែវង់ល្បែងស៊ីសងនេះបិទភ្នែកបិទច្រមុះដែរឬយ៉ាងណានោះទេ? ៕

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *