ភ្នំពេញ ៖ ប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋរស់នៅម្តុំអគ្គិសនីកម្ពុជា បានបង្ហើបឲ្យដឹងថា ទីតាំងបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅម្តុំអគ្គិសនីកម្ពុជាវត្តភ្នំដ៏ធំ ដែលអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ ធ្លាប់ចុះបង្ក្រាបនោះ ឥឡូវបើកលេងវិញហើយ ខណៈគេស្គាល់ម្ចាស់ទីតាំងមានងារជាឯកឧត្តមទៀតផង។
ពលរដ្ឋបានលើកឡើងថា មិនដឹងឯកឧត្តមរូបនេះ គាត់នៅអង្គភាពណាទេ មានអំណាចប៉ុណ្ណាទៅបានជាហ៊ានមកបើកឲ្យមានលេងល្បែងស៊ីសងសុខច្បាប់ដ៏ធំគ្រប់ប្រភេទ នៅក្បែៗសាលាខណ្ឌដូនពេញ និងក្បែសាលារាជធានីភ្នំពេញ ដោយមិនខ្លាច មិនញញើតពីបង្ក្រាបបន្តិចសោះចឹង? ពលរដ្ឋកំពុងតែឆ្ងល់ទៀតថា ឯកឧត្តមរូបនេះ ប្រហែលជាគាត់ដឹងច្បាប់របស់ព្រះរាជណាចក្រកម្ពុជាច្បាស់ហើយ ដែលមិនតម្រូវឲ្យកើតមានល្បែងស៊ីសងខុសច្បាប់នោះទេ តែបែរជាឯកឧត្តមរូបនេះ ចេះច្បាប់មកអង្គុយលើច្បាប់ទៅវិញ?
គេមិនដឹងថាតើលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ហ៊ានចុះទៅបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រទេភដ៏ធំ របស់ឯកឧត្តមរូបនេះម្តងទៀតដែរទេ ខណៈទីតាំងធ្លាប់បានបង្ក្រាបរួចមកហើយនោះ?
សូមរំលឹកថា ស្របពេលដែលអាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងដ៏ធំមួយនោះ មានសេចក្តីរាយការណ៍ឲ្យដឹងថា វង់ល្បែងចម្រុះច្រើនប្រភេទ នៅម្ដុំអគ្គិសនីវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បង្ក្រាបកាលពីប៉ុន្មានខែមុននោះ ពេលនេះបានដំណើរការវិញហើយ។ ការបើកដំណើរការឡើងវិញនេះ មិនមែនអាជ្ញាធរខណ្ឌមិនដឹងនោះទេ ប៉ុន្តែទំនងជាម្ចាស់វង់ល្បែងស៊ីសងមួយនេះ មានអំណាច នឹងតួនាទីធំជាងអភិបាលខណ្ឌដូនពេញនោះទៅទៀត។
បើតាមសេចក្តីរាយការណ៍ប្រាប់ថា ល្បែងស៊ីសងនៅទីនោះច្រើនប្រភេទដូចជាបៀរ, អាប៉ោង និងជល់មាន់ជាដើម…។ អ្នកលេងល្បែងស៊ីសងសុទ្ធតែត្រូវបានកំណត់មុខសញ្ញាច្បាស់លាស់ មិនមែនដើរចេញចូលងាយនោះទេ។ ជាពិសេស គឺមានសន្តិសុខយាមកាមច្បាស់លាស់ ដោយមិនអនុញ្ញាតឲ្យមនុស្សប្លែកមុខចូលនោះឡើយ។ អ្នកលេងល្បែងកម្មង់ម្ហូប ឬនំនែកពីខាងក្រៅមក ពោលគឺមិនអនុញ្ញាតឱ្យមានមនុស្សចេញ-ចូលរហេតរហូតដូចមុនមុននោះឡើយ។ នៅទីនោះមានកន្លែងបញ្ចាំរបស់មានតម្លៃនៅពេលដែលអ្នកលេងត្រូវការលក់ ឬបញ្ចាំ។
ប្រភពរាយការណ៍ថា បន្ទាប់ពីអាជ្ញាធរបង្ក្រាបម្ដងមកអ្នកចូលលេងល្បែងនៅទីនោះសុទ្ធតែបានកំណត់មុខសញ្ញាច្បាស់លាស់ គឺមិនមែនសុទ្ធតែចេញ-ចូលស្រេចតែចិត្តនោះទេ។ គេថា អាជ្ញាធរក៏បានដឹងអំពីការបើកដំណើរការឡើងវិញចំពោះវង់ល្បែងស៊ីសងមួយនេះដែរ ដូច្នេះទំនងជាបានស្នើឱ្យមានការរឹតបន្តឹងសន្តិសុខ ជាពិសេសកុំឲ្យក្រុមអ្នកកាសែតបានឃើញ និងកុំឲ្យមើលទៅដូចជាគគ្រឹកគគ្រេងពេក។
យ៉ាងណាក៏ដោយក៏គេមិនដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដឹងដែរឬយ៉ាងណានោះទេ។ ប្រភពខ្លះបង្ហើបថា ថៅកែវង់ល្បែងស៊ីសងនេះ មានឋានៈជាឯកឧត្តម ហើយគាត់បានសម្រួលការងារជាមួយស្ថាប័ននានារួចរាល់អស់ហើយ ដោយរំពឹងថា មិនមានភាពថ្លោះធ្លោយរហូតដល់ការចាប់ដូចលើកមុននោះឡើយ។ គេមិនក៏មិនដឹងថាតើស្ថាប័នតុលាការ ត្រូវបានថៅកែវង់ល្បែងស៊ីសងនេះ បិទភ្នែក បិទច្រមុះដែរឬយ៉ាងណានោះទេ?
ករណីនេះដែរត្រូវបាន លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោកបានប្រាប់តាមប្រព័ន្ធតេឡេក្រាមមកខាងសារព័ត៌មានថា៖ «លោកទទួលហើយ សូមអរគុណ»។ រហូត មកដល់ពេលនេះ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ នៅមិនទាន់ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខាងលើនេះនៅឡើយទេ៕SRN