ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ”ពង្រឹងគុណ ភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល” ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្រុង-ស្រុក សមាជិកសមាជិកាក្រុមការងារឥស្សរជនឆ្នើមសាខា និងបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានផ្ទៃពោះ ស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីមានកូនតូច អាយុពី១ឆ្នាំទៅ ២ឆ្នាំ ចំនួន ៦៤ នាក់ផងដែរ។
មានប្រសាន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា៖ ការងារឥស្សរជាឆ្នើម គឺជាការងារដ៏មានសារសំខាន់បំផុត ដែលផ្តោតលើការថែទាំសុខភាពរបស់ស្ត្រី ជាមាតា ទារក និងកុមារ និងសុខភាពរស់នៅរបស់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍នៅតាមសហគមន៍។ ដូចនេះនៅឆ្នាំ ២០២៤ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលដែលមាន ក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខាជាជំនួយការ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១៣ អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហម នឹងយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តរាល់ការអំពាវនាវទាំង ៩ ចំណុចដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ថ្លែងក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤។
ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខា បានណែនាំដល់ ក្រុមការងារឥស្សរជនឆ្នើម រួមជាមួយមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១៣ អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់៖
១-បន្តការងារផ្សព្វផ្សាយអប់រំដល់ស្ត្រីមានផ្ទៃពោះឱ្យយកចិត្តទុកដាក់ស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវនិងទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនសំដៅធានាសុខុមាលភាពទាំងមាតា និងទារក។
២-ចុះសួរសុខទុក្ខ និងផ្តល់កញ្ចប់ជំនួយសម្រាប់ទារកដល់ស្ត្រីសម្រាលកូនតាមមន្ទីរពេទ្យឬមណ្ឌលសុខភាព ឬតាមផ្ទះ និងផ្តល់ជំនួយដល់កុមារកំព្រាដែលរស់នៅតាមសហគមន៍នានាទូទាំងខេត្ត ។
៣-យកចិត្តទុកដាក់បន្តការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅដោយបញ្ជ្រាបជាមួយនឹងកម្មវិធីផ្សេងៗ ដើម្បីឱ្យគាត់មានការយល់ដឹងច្បាស់លាស់ពីបញ្ហាអេដស៍ និងឈានទៅដល់ការបញ្ចប់ការរើសអើង។
៤-ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន យុវនារី ឱ្យស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពី ការបង្ការការចម្លងមេរោគអេដស៍ក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅពេលអនាគតដ៏ខ្លីខាងមុខ ។
៥-យកចិត្តទុកដាក់ចុះសួរសុខទុក្ខផ្តល់អំណោយជួយសម្រាលការលំបាកជីវភាពរស់នៅរបស់បងប្អូន អ្នករស់នៅជាមួយមេរោគអេដស៍ និងអប់រំណែនាំអំពីការថែទាំសុខភាព។
សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋជាស្ត្រីមានផ្ទៃពោះ ស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីមានកូនតូច អាយុពី១ឆ្នាំទៅ ២ឆ្នាំ ចំនួន ៦៤ នាក់ ដែលបានចូលរួមក្នុងទិវាជាតិនេះ ទទួលបាននូវអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, សារុង ២, ឃីដ ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕