ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឱ្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រួមនឹងស្ថាប័នពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការគ្នាធ្វើបច្ចុប្បន្នភាពជនបរទេសដែលកំពុងមានវត្តមាននៅកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅដោយខុសច្បាប់ ហើយឈានទៅដល់ការប្រព្រឹត្តបទល្មើសនានា។ លោកបានណែនាំដូចនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក ស សុខា លើកឡើងថា កន្លងទៅនេះការគ្រប់គ្រងចំនួនស្នាក់នៅជនបរទេសនៅកម្ពុជា ហាក់មានតួលេខផ្សេងៗគ្នា។ ដូច្នេះហើយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវពង្រឹងលើការងារនេះឡើងវិញ ដើម្បីឲ្យមានភាពច្បាស់លាស់។ លោកបានអះអាងថា ជនបរទេសខ្លះលួចស្នាក់នៅប្រទេសកម្ពុជាដោយគ្មានប្រកបការងារ ឬមុខរបរអ្វីនោះទេ ពោលគឺ បុគ្គលខ្លះសំងំនៅដើម្បីលួចប្រព្រឹត្តបទល្មើសនានា។ កន្លងទៅជនបរទេសនោះ ធ្វើសកម្មភាពតែនៅលើជនជាតិដូចគ្នាតែប៉ុណ្ណោះ ប៉ុន្ដែខ្លាចក្រែងថ្ងៃណាមួយពួកគេអាចប្រព្រឹត្តមកលើប្រជាពលរដ្ឋកម្ពុជា។
លោក ស សុខា បានណែនាំអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅពេលធ្វើបច្ចុប្បន្នភាព ក្រោយបានតួលេខច្បាស់លាស់លើការងារនេះ ត្រូវចែករំលែកជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅទប់ស្កាត់ការបន្ដលួចស្នាក់នៅដោយខុសច្បាប់ និងឈានទៅបង្ការចំពោះការប៉ុនប៉ងធ្វើសកម្មភាពល្មើសច្បាប់នានាផងដែរ។
ក្នុងពិធីបើកសន្និបាតកាលពីថ្ងៃទី២៨ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងដែរថា ការងារអន្ដោប្រវេសន៍ ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រងអ្នកដំណើរចេញចូល ការស្នាក់នៅជនបរទេស ដោយធានាបានយ៉ាងគត់មុតនូវអធិបតេយ្យជាតិ ទប់ស្កាត់មិនឲ្យមានការកើនឡើងនូវអំពើភេរវកម្មនៅកម្ពុជា ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូលស្នាក់នៅដោយខុសច្បាប់របស់ជនបរទេសអន្ដោប្រវេសន៍។
យោងតាមរបាយការណ៍ដែលធ្លាប់បង្ហាញដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ កម្ពុជាបានបណ្ដេញជនបរទេសចំនួន ២៧,៣៣១នាក់ ចេញពីប្រទេសក្រោយរកឃើញស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើស៕