Breaking News

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យរួមគ្នាប្រឆាំងការធ្វើអាជីវកម្មលើសាសនា

កំពង់ស្ពឺ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា និងត្រូវបន្តពង្រឹងនិងពង្រីកការអប់រំផ្នែកសាសនាឡើងវិញ។ការណែនាំដូចនេះ ធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តមុនីរង្សីរតនារាម ហៅវត្តម្រុំជើង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីការគោរពលើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសជំនឿសាសនា។ ដោយឡែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយក៏ជាសាសនាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគោរពប្រតិបត្តិគ្រប់ៗគ្នា និងក៏មានការគោរពដល់សាសនាដទៃដូចគ្នាដែរ។ ត្រង់ចំណុចនេះ សម្តេចក៏បានស្នើឱ្យមានការគោពគ្នាទៅវិញទៅមក ទើបនាំឱ្យសង្គមកម្ពុជាមានភាពសុខដុមរមនាជាមួយគ្នា។

ជាមួយនោះសម្ដេច បានធ្វើការអំពាវនាវដល់អ្នកដែលគោរពដល់ជំនឿសាសនាទាំងអស់ ត្រូវចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែក ដែលនាំឱ្យមានការបែកបាក់ និងខ្វះសាមគ្គីភាព និងជួយប្រែក្លាយសាសនាឱ្យទៅជាកម្លាំងសាមគ្គីតែមួយ។ ក្រៅពីនេះ ត្រូវបន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនា ព្រមទាំងធ្វើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ វិន័យឱ្យបានខ្ជាប់ខ្ចួន។

បន្ថែមពីនេះ សម្តេចបានណែនាំឱ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ ដោយចេះស្រឡាញ់ គោរពរាប់អានគ្នាទៅវិញទៅមក ដោយប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ និងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ដើម្បីធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយបានគោរព និងរៀនសូត្រតាមនូវចំណុចល្អ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *