Breaking News

លោកបណ្ឌិត ទូច វណ្ណៈ បង្ហាញអារម្មណ៍របស់ខ្លួន ចំពោះការ​ដក​ខ្លួន​របស់​ក្លិប​បាល់ទាត់​ វិសាខា ពី​ពានរង្វាន់​នានា​ដែល​នៅ​សេសសល់​ក្នុង​រដូវកាល ២០២៣-២៤

ភ្នំពេញ ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានបង្ហាញអារម្មណ៍របស់ខ្លួន ចំពោះការដកខ្លួនរបស់ក្លិបបាល់ទាត់ វិសាខា ពីពានរង្វាន់នានាដែលនៅសេសសល់ក្នុងរដូវកាល ២០២៣-២៤ តាមផេកផ្លូវការរបស់លោក នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ “ក្លិប​បាល់ទាត់ ​វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គ្រប់​ពានរង្វាន់​ដែល​នៅ​សេសសល់ ក្នុង​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ ក្នុង​នោះ​មាន​​ពានរង្វាន់​ដែល​រៀបចំ​ឡើង​ដោយ​​ក្រុម​ហ៊ុន Cambodian Premier League (លីគ​ទី១ និង​លីគ​ទី២) និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ នេះបើយោងតាមការជូនដំណឹងតាមផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ក្លិប​វិសាខា បាន​បង្ហាញ​ពី​ភាព​ចាស់ទុំ​ និង​ប្រកដប្រជា​របស់​ខ្លួន​ក្នុង​​នាម​ជា​ក្រុម​អាជីព​មួយ ដោយ​មិន​វាយ​ប្រហារ​​ទៅ​លើ​ការ​កាត់​សេចក្តី​​របស់​អាជ្ញាកណ្ដាល​ជា​សាធារណៈ​ ឬលើ​បណ្តាញ​សង្គម​​ ឱ្យ​តែ​បាន​លឺ​តែ​សម្លេង​នោះ​ឡើយ ពោលគឺក្លិប វិសាខា បាន​ស្នើសុំ​តាម​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ ដើម្បី​បញ្ជាក់​ពី​ភាព​ច្បាស់លាស់​នៅ​​ត្រង់​ចំណុច​​នាទី​ ទី១៨ នៃ​ប្រកួត​ជើង​ទី១ ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន រដូវកាល​ឆ្នាំ​២០២៣-២៤ នា​រាត្រី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៤ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍។ 

រឿង​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ ក្លិប​បាល់ទាត់ វិសាខា បាន​ចូលរួម​ចំណែក​ជាមួយ​​ប្រទេស​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ ជា​ច្រើន​លើក​ច្រើន​សារ ​​ទាំង​ដោយ​ប្រយោល​ និងផ្ទាល់។ ក្រុម​ វិសាខា តែងតែ​​បញ្ជូន​កីឡាករ​ កីឡា​ការិនី ទៅ​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា តាម​រយៈ​ការ​កោះហៅ​ពី​សំណាក់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នា​ពេល​ប្រមូល​ផ្ដុំ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ម្តងៗ។ ដោយ​ឡែក​​កីឡដ្ឋាន​ព្រីនស៍​របស់​ក្លិប​ វិសាខា ធ្លាប់​​រួម​ចំណែក​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ជើង​ឯក​យុវជន​តំបន់​អាស៊ាន (U23) និងពេលដែលកម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅផងដែរ។

ក្នុង​នាម​ជា​ក្រុម​ថ្មីថ្មោង​ វិសាខា ធ្លាប់​ឈរ​ជា​ក្រុម​ជើង​ឯក​រង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ២សម័យកាល​ គឺ​នៅ​ឆ្នាំ​២០១៩ និង​២០២២ ខណៈ​​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល​ជាប់ៗគ្នា​គឺ​នៅ​ឆ្នាំ​២០២០, ២០២១, ២០២២ ព្រម​ទាំង​ធ្លាប់​រង​ជើង​ឯក​ពានរង្វាន់ Cambodian Super Cup នៅ​ឆ្នាំ​២០២២ និង ២០២៣ និង​រង​ជើង​ឯក​ពានរង្វាន់ Cambodian League Cup ឆ្នាំ​២០២២ ទៀត​ផង។ 

លើសពីនេះទៅទៀត ក្រុម​វិសាខា ធ្លាប់​តំណាង​ឱ្យ​កម្ពុជា ចូល​ប្រកួត​ពានរង្វាន់​​ទ្វីប​អាស៊ី AFC Cup នៅ​ឆ្នាំ​២០២២ កន្លង​ទៅ តែ​នៅ​ឆ្នាំ​២០២១ ក្រុមនេះក៏​ជា​បេក្ខភាព​ដែលត្រូវ​បាន​​សហព័ន្ធ​បាល់ទាត់​អាស៊ី រំសាយ​ដោយ​សារ​តែ​​ស្ថានភាព​រីករាលដាល​នៃ​ជំងឺ​​កូវីដ-១៩។  

ទោះបី​ក្លិប​ វិសាខា បាន​សាង​ស្នាដៃ​ជា​ច្រើន ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ក្តី ក៏​ក្លិប​​នេះនៅ​មិន​​បញ្ចប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ត្រឹម​ការកសាងពហុកីឡដ្ឋានទំនើប ​បណ្តុះ​យុវជន​គ្រប់​កម្រិត និង​ក្រុម​នារី បណ្តុះបណ្តាល​ធនធាន​គ្រូ​បង្វឹកនោះ​ទេ ជាងនេះទៅទៀត ក្លិប​កំពុង​តែ​ដំណើរការ​​សាងសង់​មជ្ឍមណ្ឌល Visakha Dream ដែល​​ជាកន្លែង​ចាំបាច់​សម្រាប់​ក្លិប​បាល់ទាត់​អាជីព និង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា។ 

ជាការកត់សម្គាល់ បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា ប្រកាសដកខ្លួនក្នុងពានរង្វាន់នានាដែលនៅសេសសល់ ក៏​ឃើញ​មាន​​​ការ​លើក​ទឹកចិត្ត​ និងសម្តែងការសោកស្តាយពី​បណ្តាអ្នកគាំទ្រ ក៏ដូចជាថ្នាក់​ដឹកនាំ​របស់ក្លិប​បាល់ទាត់​​មួយ​ចំនួន ចំពោះការដកខ្លួនរបស់ក្លិបដ៏ធំនេះ។ ជាមួយគ្នានោះ ក៏មាន​អ្នក​ចំអក​ពេបជ្រាយ ទាំង​មិន​បាន​ដឹង ​និង​យល់​ពី​ស្ថានភាព​ពិត​ប្រាកដ រុញ​ឱ្យស្ថានការណ៍​​កាន់​តែ​តានតឹង​ឡើងផងដែរ។

ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំយល់​ពី​អារម្មណ៍​របស់​​លោក​ជំទាវ កែ សួនសុភី ប្រធាន​​ក្លិប​បាល់ទាត់​ វិសាខា ចំពោះ​ការ​សម្រេច​ចិត្ត​​ដ៏​លំបាក​​មួយ​នេះ ហើយខ្ញុំ​ក៏​​យល់​ពី​ការ​បកស្រាយ​របស់​កញ្ញា អ៊ូ បញ្ញាសុកិត្យា ដែល​បាន​លើក​ឡើង​ជុំវិញ​ពាក្យ​ថា​«ទឹកចិត្ត​អ្នក​កីឡា» ក្នុង​គ្រា​ដែល​អ្នក​ធ្វើ​​ខុស តែ​អ្នក​មិន​ធ្វើ​សប្បាយ​មើល ទាំង​គ្មាន​ការ​ចំណេញ ត្រឡប់​មក​វិញ។ ក្នុងនោះក៏សូម​អរគុណ​ដល់​លោក ហុក សុចិត្រា បាន​ចេញ​មុខ​កាន់​ជើង​កីឡាករ ដែល​មាន​ការ​ចោទ​ប្រកាន់​​បង្វែរ​ស្ថានការណ៍។

ក្នុង​នាម​ជា​អ្នក​ស្រលាញ់​ចូល​ចិត្ត​កីឡា​ជាតិ​ម្នាក់ ខ្ញុំ​សូម​​ឱ្យអ្នក​គាំទ្រ​ពិតប្រាកដ រង់ចាំ​ព័ត៌មាន​​​បន្ថែម​ថ្មីៗ​ពី​ក្លិប​ជា​បន្តបន្ទាប់”៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *