Breaking News

១១ខែក្នុង ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន​ជាង ១៣ លានដុល្លារ

ក្រសួងពាណិជ្ជកម្មបានបង្ហាញរបាយការណ៍ពីការរកចំណូលក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ បានប្រមាណ ១៣លានដុល្លារអាមេិក ស្មើនឹង១២៥.៤៨% ធៀបនឹងផែនការថវិកាឆ្នាំ២០២១ ប្រមាណ ១០លានដុល្លារអាមេរិក។

ក្នុងរបាយការណ៍កម្រាស់ពីរទំព័រចេញផ្សាយនៅថ្ងៃចន្ទ ទី២៧ ធ្នូនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចំណូលដែលប្រមូលបានពីកម្រៃសេវាសាធារណៈ និងការពិន័យជាប្រាក់ ចំពោះវិញ្ញាបនបត្រប្រភពដើមទំនិញ ការចេញអាជ្ញាបណ្ណ និងសេវាពាក់ព័ន្ធមាន ២៦,៨៣៦.៣លានរៀល ការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធ ៨,៥៥០.៥លានរៀល ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធ ១៤,២៩២.៩លានរៀល ការតម្កល់លិខិតជូនដំណឹងមានកិច្ចធានា ៣៧១.៧លានរៀល កិច្ចការពិព័រណ៍ ២.៨លានរៀល និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ១,៨៦៨.១លានរៀល។

ដោយឡែកចំណូលពីកិច្ចសន្យាការជួលដីទំនេរមាន ៥៦៨.៦លានរៀល និងការជួលដីមានអគារ ៥២៨.៨លានរៀល។ ទន្ទឹមនឹងការរកចំណូលបាននោះ ក្រសួងពាណិជ្ជកម្មក៏បានបង្ហាញពីការចំណាយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលចាយអស់ថវិកាសរុបចំនួនប្រមាណ១៧លានដុល្លារ ស្មើនឹង ៧០.០៨% ធៀបនឹងផែនការថវិកាឆ្នាំ២០២១ ប្រមាណ២៥លានដុល្លារ។ ក្រសួងពាណិជ្ជកម្មបានអះអាងថា រាល់ចំណូល-ចំណាយទាំងអស់ របស់ក្រសួងគឺត្រូវបានបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាប្រចាំ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *