កំពង់ស្ពឺ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤។
កម្មវិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយអភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។
តាមការសិក្សាអំពីប្រវត្តិនៃពិធីនេះ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ។ ក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោរនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមានអ្នកចូលរួមទស្សនាពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ច្រើនកុះករ៕