ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។
ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី និងសហការី ដោយបានចាត់ទុកជំនួបនាឱកាសនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊នកាលពីដើមខែមីនា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ដែលមានការអញ្ជើញចូលរួម ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។
ក្នុងឱកាសនោះដែរឯកឧត្ដមឯកអគ្គរាជទូត និងឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ និងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា ដូចជាអំពើឆបោកតាមប្រព័ន្ធអ៊ិនធឺណិត- Online Scamming បទល្មើសសេដ្ឋកិច្ច និងការងារប្រយុទប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅតាមព្រំដែន ដែលភាគីកម្ពុជា និងអូស្រ្តាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ។
មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញ ក្ដីសង្ឃឹថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត និងការជឿជាក់ថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់មន្រ្តីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕ដោយ៖ សិរី នាគ