ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា “នៅក្នុងនីតិកាលទី៧នៃ រដ្ឋសភា ក្រសួងមុខងារសាធារណៈ ទទួលបាន នូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា គ.វ.រ) ដែលគណៈកម្មាធិការជាតិនេះ ដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានសមាសភាពជា រដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥”។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ក្នុងនាមជាលេខាធិការដ្ឋាននៃគ.វ.រ. ក្រសួងមុខងារសាធារណៈ មានភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួនបី ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈគឺ ទី១ ការកែលម្អប្រព័ន្ធជ្រើសរើស ទី២ ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងទី៣ ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម”។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្ត ថា “ផ្តើមចេញពីបេសកកម្ម និងភារកិច្ច ព្រមទាំងមានការគាំទ្រពីរាជរដ្ឋាភិបាល នីតិកាលកន្លងមក និងជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី នៅក្នុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងមុខងារសាធារណៈបាន សម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ”។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “ដោយទទួលបាន នូវការប្រគល់ភារកិច្ចដ៏មានសារៈសំខាន់ និងប្រកបដោយកិត្តិយសខាងលើនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈបានប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ច ហើយទទួលបានវឌ្ឍនភាពការងារ និង កំណត់ទិសដៅអនុវត្តបន្ត របស់ខ្លួន”៕