កណ្តាល៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
ការចុះនេះ ដើម្បីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់កុមារដែលកំពុងស្នាក់នៅក្នុងអង្គការ និងសមាគមនេះ។ ក្នុងនោះ គ.ស.ម.ក. ក៏បាននាំយកថវិកា ឱសថ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់អង្គការ និងសមាគមសម្រាប់ប្រើប្រាស់តាមជាក់ស្តែង។ ជាមួយគ្នានេះ គ.ស.ម.ក. នឹងនៅតែបន្តជួយឧបត្ថម្ភដល់អង្គការ និងសមាគមតទៅទៀត។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានកោតសរសើរដល់លោកស្រីប្រធានអង្គការ និងលោកប្រធានសមាគម ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកា ក្នុងការគ្រប់គ្រង ចិញ្ចឹមបីបាច់ មើលថែ បង្ហាត់បង្រៀន និងផ្តល់ការអប់រំដល់កុមារបានយ៉ាងល្អ។
លោកទេសរដ្ឋមន្ត្រី ក៏បានអរគុណដល់អភិបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចខេត្តកណ្តាល កាកបាទក្រហមកម្ពូជា និងសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់អង្គការ និងសមាគមនាពេលកន្លងមក ព្រមទាំងអំពាវនាវឲ្យមានការចូលរួមបន្ថែមទៀតពីសំណាក់សប្បុរសជនដទៃទៀតផងដែរ៕SRN