ភ្នំពេញ ៖ ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ទីស្តីការក្រសួងការពារជាតិ «រាល់ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»។
សារលិខិតរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាដល់កងទ័ពយ៉ាងដូច្នេះថា «ចំពោះមុខនេះ ខ្ញុំក៏សូមអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្របពេលនឹងខួប២៣ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងខ្លឹមសារថា៖ “កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន ៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវផ្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃ និងសមិទ្ធផលធំធេងជាច្រើន ក្នុងភារកិច្ចការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារសម្រេចបាន ដោយជម្នះគ្រប់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពតែងតែវត្តមានចុះជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋ ដោះស្រាយវិបត្តិយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាន ខណៈដែលភារកិច្ចស្នូលរបស់កងទ័ពក៏នៅតែត្រូវបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្លួនបំផុត។
ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតចាប់តាំងពីការផ្ទុះករណីដំបូងនៅក្នុងប្រទេស, ការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍, ការគ្រប់គ្រងការឆ្លងចូលក្នុងសហគមន៍ រហូតដល់ការបង្កើតបាន់ភាពស៊ាំ ក្នុងសហគមន៍តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលសម្រេចបានជោគជ័យគួរជាទីមោទនៈ ហើយមកដល់បច្ចុប្បន្ននេះ ជាដំណាក់កាលនៃការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីស្តារផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ក៏កងទ័ពបាន និងកំពុងបន្តចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ។
ក្នុងឱកាសចូលថ្មី ឆ្នាំសាកល ២០២២នេះ លោក ហ៊ុន ម៉ាណែត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ សូមឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន៕ដោយ៖ សិរី នាគ