ភ្នំពេញ៖ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ ហៅមន្រ្តីនគរបាលចរាចរណ៍១០នាក់ ប្រចាំនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយមកសួរនាំ ក្រោយទទួលការរិះគន់ខ្លាំងលើការផាកពិន័យពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះដោយសារពីអ្នកលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយរិៈគន់ ស្ថាបនាថា ៖ គោលដៅចរាចរណ៍លើផ្លូវហាន់ណូយ បត់ពីក្រោមស្ពានអាកាសផ្សារដីហុយមកបន្តិច! ម្នាក់ៗជាប់នៅគោលដៅនេះខ្លាំង ហើយផាកពិន័យក៏មិនណយដែរ មូលហេតុយកហេតុផលជាន់គំនូស ខណ:អ្នកបើកបរតវ៉ាស្ទើរគ្រប់គ្នា!
បងនគរបាលចរាចរណ៍ពាក់ម៉ាក់នេះ ប្រហែលពលរដ្ឋអ្នកដំណើរស្គាល់ច្រើន! ចាប់កំហុសអាចថាជំនាញហើយ ដោយសារមានអ្នកអង្គុយចាំថត!
ពលរដ្ឋសង្ឃឹមថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងជួយពិនិត្យមើលគោលដៅនេះផង!
ភ្លាមៗនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យការិយាល័យជំនាញ កោះហៅក្រុមមន្រ្តីនគរបាលចរាចរណ៍ទាំង១០នាក់ ដែលដាក់គោលដៅចាប់ផាកពិន័យ ប្រជាពលរដ្ឋនៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ មកធ្វើការសួរនាំ ក្រោយមានការរិះគន់ខ្លាំង និងច្រើនដង ពីសំណាកបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់ទទួលរងការសម្លុត និងចាប់ផាកពិន័យ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា «ក្រោយទទួលបានព័ត៌មាន និងការរិះគន់យ៉ាងខ្លាំង និងជាច្រើនដង ចំពោះការចាប់ផាកពិន័យប្រជាពលរដ្ឋនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ (បត់ឆ្វេងពីផ្លូវសហព័ន្ធរុស្ស៊ី ក្រោមស្ពានអាកាស មកផ្លូវហាណូយ) ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានឲ្យជំនាញហៅមន្រ្តីនគរបាលចរចរណ៍ទាំង១០នាក់ មកសួរនាំម្នាក់ម្តងៗ ដើម្បីមានចំណាត់ការបន្តទៀត»។
សូមបញ្ជាក់ថា នៅគោលដៅចរាចរណ៍លើផ្លូវហាណូយ បត់ពីក្រោមស្ពានអាកាសផ្សារដីហុយមកបន្តិច ប្រជាពលរដ្ឋជាច្រើននាក់ បានជាប់នៅគោលដៅនេះខ្លាំងណាស់ ហើយត្រូវបានមន្រ្តីនគរបាលចរាចរណ៍ ផាកពិន័យក៏មិនណយដែរ មូលហេតុយកហេតុផលជាន់គំនូស ខណ:អ្នកបើកបរតវ៉ាស្ទើរគ្រប់គ្នា។
បើតាមប្រជាពលរដ្ឋ, មន្រ្តីនគរបាលចរាចរណ៍នៅគោលដៅនោះ បានបែងចែកឲ្យមន្រ្តីខ្លះអង្គុយចាំថតរូប រួចបាញ់ទៅខាងក្រុមមន្រ្តីដែលដាក់នៅគោលដៅខាងមុខ ដើម្បីចេញមកស្ទាក់ចាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរិះគន់ យ៉ាងខ្លាំង ចំពោះមន្រ្តីនគរបាលម្នាក់រៀងធាត់ពាក់ម៉ាក់ តែងតែប្រើពាក្យសំដីសម្លុត គំរាមកំហែងយកម៉ូតូ យកឡានទៅស្នងការ ហើយមិនដែលប្រើពាក្យសមរម្យជាមួយអ្នកដំណើរនោះទេ។
ប្រជាពលរដ្ឋដែលធ្លាប់ជាប់នៅគោលដៅនេះ បាននិយាយថា ពេលត្រូវបានចាប់ផាក គឺក្រុមមន្រ្តីទាំងនេះទារលុយគ្មានការយោគយល់នោះឡើយ ហើយបើអ្នកមិនចង់វែងឆ្ងាយក៏ហុច១០ដុល្លារ ៥ម៉ឺន ឬលើសហ្នឹងក៏មាន។ តើបើអ្នកដែលមិនមានលុយទេ ទោះអង្វរយ៉ាងណា ក៏មិនមានការយោគយល់ដែរ ដោយប្រាប់ឲ្យអ្នកផ្ទះបាញ់លុយមកទៀតផង។
បើតាមប្រជាពលរដ្ឋ, ពួកគាត់ថា ការចាប់ភាគច្រើនគឺយកហេតុផលជាន់គំនូស ខណៈពួកគាត់មិនបានដឹង ហើយក៏ពេលខ្លះអះអាងថា ខ្លួនមិនបានបើកខុសនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះប្រកែកមិនឈ្នះឡើយ ក៏សុខចិត្តព្រមបង់លុយពេញ ឬបង់លុយមួយចំនួនដើម្បីបានធ្វើដំណើរទៅមុខទៀត។
សូមជម្រាបថា រាល់ការបំពេញតួនាទីភារកិច្ច របស់មន្ត្រីនគរបាលចរាចរណ៍ ប្រជាពលរដ្ឋទទួលស្គាល់ ចំពោះ ការហត់នឿយ ដែលពួកគាត់ ធ្វើការទាំង ហាលខ្យល់ ក្តៅ ភ្លៀង ទាំងយប់ ទាំងថ្ងៃ ឬចាប់ផាកពិន័យចុះចំពោះអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ បើកបរបំពាន ប៉ុន្តែមានកត្តាយោគយល់ ប្រសិនបើមានកំហុសតិចតួច នឹងការសំពះអង្វរពីប្រជាពលរដ្ឋ ដែលក្រីក្រ ហើយក៏មិនមែនលើកទឹកចិត្តឱ្យគាត់ប្រព្រឹត្តច្បាប់ចរាចរណ៍ឡើយ គឺសិក្សាពីកំហុសអចេតនាតិចតួចណានៅកន្លែងកើតហេតុនោះចុះ។
សូមបងប្អូន កុំខ្លាចនគរបាលចរាចរណ៍ សំខាន់រួមគ្នា គោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ៕ដោយ៖ សិរី នាគ